កីឡា

ភ្នំពេញឈ្នះមេដាយមាស ២ គ្រឿង លើកីឡាចំបាប់ នៃការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”

ភ្នំពេញ ៖ លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា តំណាងលោក វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ព្រមទាំងមន្ទីរអប់រំកាយ និងកីឡាទំាង ១០ រាជធានីខេត្តនាថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាកិត្តិយស ក្នុងពិធីបិទប្រភេទកីឡាចំបាប់ ក្នុងការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា ។

ការប្រកួតប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦មានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៦ មានកីឡាករ-កីឡាការិនីមកពី១០រាជធានីខេត្ត រួមមានភ្នំពេញ ខេត្តកណ្តាល ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តឧត្តរមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ចាម។

ចំពោះលទ្ធផលការប្រកួតប្រភេទកីឡាចំបាប់ ក្រុមអត្តពលិកភ្នំពេញដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ចំនួន ១ គ្រឿង ខេត្តតាកែវ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ៣ គ្រឿង ខេត្តតាកែវ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ៣ គ្រឿង ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿងដូចគ្នា និងខេត្តព្រៃវែងដណ្តើមបានមេដាយ សំរិទ្ធ ២ គ្រឿង។
ចំពោះកីឡាទំាំង ៥ ប្រភេទកីឡារួមមានកីឡាចំបាប់ កីឡាគុនដាវ កីឡាបាល់ទាត់ កីឡាបាល់ទះ និងកីឡាបាល់បោះ។
ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕

Most Popular

To Top