កីឡា

ក្រុមបាល់ទះ កុមារាខេត្តព្រៃវែង និងក្រុមបាល់ទះកុមារី កំពង់ស្ពឺ ឈ្នះមេដាយមាស នៃការប្រកួតកីឡាសិស្ស បឋម សិក្សា ថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”

ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក អាំង​ សិរីពិសិដ្ឋ អគ្គលេខាធិការ និងអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាបាល់ទះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នេះ ក្នុងការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បី សុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិ​ការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាបាល់ទះកម្ពុជា ។

ចំពោះលទ្ធផលវិញ្ញាសាបាល់ទះ៖ក្រុមបាល់ទះកុមារា ខេត្តព្រៃវែង ទទួលបានមេដាយមាស ក្រុមបាល់ទះកុមារា ខេត្តកំពង់ស្ពឺ ទទួលបានមេដាយប្រាក់ និងក្រុមបាល់ទះកុមារា ខេត្តតាកែវ ទទួលបានមេដាយសំរិទ្ធ។ ក្រុមបាល់ទះកុមារី ខេត្តកំពង់ស្ពឺ ទទួលបានមេដាយមាស  ក្រុមបាល់ទះកុមារី ខេត្តកំពង់ធំ ទទួលបានមេដាយប្រាក់ និងក្រុមបាល់ទះកុមារី ខេត្តកំពង់ឆ្នាំង ទទួលបានមេដាយសំរិទ្ធ។
ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។

ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម  បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

កីឡាអត្តពលកម្ម  (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ)  ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)៕

Most Popular

To Top