កីឡា

គណៈប្រតិភូ សហព័ន្ធកាយវប្បកម្ម វិលត្រឡប់ពិការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ នៅមីយ៉ាន់ម៉ា ជាមួយសោកស្តាយយ៉ាងខ្លាំង មិនអាចបញ្ជូន កីឡាករចូលរួម

ភ្នំពេញ ៖ លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានដឹកនាំក្រុមការងារសហព័ន្ធ ដែលចូលរួមបម្រើការងារ ជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមក្នុងព្រឹតិ្តការណ៍ ការប្រកួតកីឡាកាយវប្បកម្ម ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២០ ពីថ្ងៃទី១៣-២០ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសមីយ៉ាន់ម៉ា ខណៈសហព័ន្ធសោកស្តាយយ៉ាងខ្លាំង មិនអាចបញ្ជូនកីឡាករចូលរួម ដោយសារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំឲ្យមានដំណោះស្រាយ និងការសម្របសម្រួល ។

ក្នុងដំណើរវិលត្រឡប់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោកបានបញ្ជាក់ថា ចំពោះបញ្ហាសោកស្តាយ មិនបានបញ្ជូនកីឡាករកាយវប្បកម្មកម្ពុជា ចូលរួមប្រកួតប្រជែង មេដាយជូនជាតិ ជើងឯកអាស៊ីអាគ្នេយ៍ ពេលនេះ លោកបានលើកយកបញ្ហានេះ ជូនដល់កិច្ចប្រជុំអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សហព័ន្ធកាយវប្បកម្មពិភពលោក (WBPSF)។ លោកបន្ថែមថា ជាជំហានដំបូង WBPSF នឹងធ្វើលិខិតមួយ ជូនដល់សហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សិន ហើយសហព័ន្ធនេះ នឹងយកលិខិតនេះ ជូនដល់ដោយសារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA)នៃក្រសួងអប់រំ យុវជន និងកីឡា។

ប្រធានសហព័ន្ធរូបនេះ សង្កត់ធ្ងន់ថា សហព័ន្ធនឹងប្រឹងប្រែងដើម្បីទទួលបានសម្រួបសម្រួលពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបាន សិទ្ធិបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី និងជើងឯកពិភពលោក នាចុងឆ្នាំ២០២៦ នៅប្រទេសឡាវ។ លោក តឹក ប៊ុនវី សង្កត់ធ្ងន់ថា ក្នុង១ឆ្នាំ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាតែងតែចូលរួមប្រជែងមេដាយជូនជាតិ ៣ដង ដូចជាការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ អាស៊ី និងពិភពលោក ខណៈកីឡាករជម្រើសជាតិកាយវប្បកម្ម តែងតែហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ជារៀងរាល់ថ្ងៃ មិនដែលខកខានឡើយ។

ប្រធានសហព័ន្ធស្នើសុំក្រសួងអប់រំ យុវជន និងកីឡាជួយដោះស្រាយ សម្របសម្រួលលើបញ្ហានេះ ដើម្បីបន្តលើកទឹកចិត្តដល់កីឡាករ ដែលខិតខំហ្វឹកហាត់បំប៉នបច្ចេកទេសបានចូលរួមប្រកួតអន្តរជាតិឡើងវិញ នាពេលខាងមុខជាបន្តបន្ទាប់។ ការប្រកួតកម្រិតអន្តរិជាតិកន្លងមក សហព័ន្ធតែងតែទទួលបានគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
ហើយកីឡាករកីឡាកាយវប្បកម្ម តែងដណ្តើមមេដាយជូនជាតិ ប៉ុន្តែលើកនេះបែរជាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (CADA) នៃក្រសួងអប់រំបានចេញលិខិតបញ្ជាក់ថា សហព័ន្ធ មិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក នៅឡើយទេ។

គួរបញ្ជាក់ថា ការខកចិត្តចំពោះសហព័ន្ធមិនអាចបញ្ជូនកីឡាករជម្រើសជាតិរបស់ខ្លួនចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំនេះបាន ដោយសារទីភ្នាក់ងារកម្ពុជាប្រឆាំង ដូប៉ា (CADA) នៃក្រសួងអប់រំបានចេញលិខិតបញ្ជាក់ថា កម្ពុជាជារដ្ឋហត្ថលេខី នៃអនុសញ្ញាអន្តរជាតិប្រឆាំងនឹង ការប្រើប្រាស់សារធាតុដូប៉ា ក្នុងវិស័យកីឡា និងប្រតិបត្តិតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក។ រីឯសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក នៅឡើយទេ ដោយស្ថិតក្រោមរចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក (WBPSF) មិនមែនជាសមាជិក និងប្រតិបត្តិតាមក្រមប្រឆាំង សារធាតុដូប៉ាពិភពលោក (WADA)។ ក្នុងន័យនេះ ក្រសួងស្នើឲ្យសហព័ន្ធខិតខំបំពេញ តាមលក្ខខណ្ឌក្រមប្រឆាំង សារធាតុដូប៉ាពិភពលោក និងស្ថិតក្រោមរចនាសម្ព័ន្ធដែលអនុលោមតាមក្រមប្រឆាំងសារធាតុដូប៉ាពិភពលោក។ លោក តឹក ប៊ុនវី បញ្ជាក់ថា ការចូលរួមលើកនេះ ក្នុងនាមជាសមាជិកប្រតិបត្តិរបស់សហព័ន្ធកាយវប្បកម្មអាស៊ីអាគ្នេយ៍តែប៉ុណ្ណោះ៕

Most Popular

To Top