កីឡា

សកម្មជនកំពុងស្វែង រកមនុស្សបាត់ខ្លួន១៣០,០០០ នាក់នៅជិតពហុកីឡដ្ឋានរៀបចំ World Cup នៅម៉ិកស៊ិក

ទីក្រុងម៉ិកស៊ិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សកម្មជនបានបង្ហាញរូប ភាពមនុស្សដែលបានបាត់ខ្លួនមួយចំនួននៅប្រទេសម៉ិកស៊ិកស្ថិតនៅជិតពហុកីឡដ្ឋានបាល់ទាត់សំខាន់របស់ខ្លួននាថ្ងៃអាទិត្យ ស្របពេលប្រទេសនេះកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកនៅខែក្រោយ។

មនុស្សប្រហែល ១៣០,០០០ នាក់ ត្រូវបានកត់ត្រាជាផ្លូវការថា បាត់ខ្លួនក្នុងប្រទេសម៉ិកស៊ិកចាប់តាំងពីឆ្នាំ ២០០៦ នៅពេលរដ្ឋាភិបាលបានចាប់ផ្តើមប្រតិបត្តិការ ប្រឆាំងគ្រឿងញៀន ដ៏ចម្រូងចម្រាសរបស់ខ្លួន។

អ្នកជំនាញមួយចំនួននិយាយថា ចំនួនពិតប្រាកដ អាចខ្ពស់ជាងនេះ។ កាលពីខែមេសា របាយការណ៍របស់អង្គការ សហប្រជាជាតិបានចាត់ទុកវិបត្តិនេះថាធ្ងន់ធ្ងរណាស់ ដែលបានដាក់ស្លាកវាថា ជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

សកម្មជន និងក្រុមគ្រួសារដែលកំពុងស្វែងរកមនុស្សជាទីស្រឡាញ់របស់ពួកគេបានដាក់រូបភាពមុខរបស់ពួកគេនៅជិតពហុកីឡដ្ឋាន Azteca ក្នុងទីក្រុងម៉ិកស៊ិកនៅថ្ងៃអាទិត្យ ជាកន្លែងដែលប្រទេសនេះនឹងចាប់ផ្តើមយុទ្ធនាការ បាល់ទាត់ពិភពលោករបស់ខ្លួនទល់នឹងអាហ្វ្រិក ខាងត្បូងនៅថ្ងៃទី ១១ ខែមិថុនា។

លោក Vanesa Gomez បានស្វែងរកកូនស្រីរបស់គាត់តាំងពីឆ្នាំមុន បានប្រាប់ AFP ថា យើងកំពុងធ្វើឲ្យរឿងនេះ មើលឃើញច្បាស់ ដើម្បីឲ្យអ្នកទេសចរដែលមកកាន់ទីក្រុងនេះមើលឃើញថា តាមពិតយើងមានវិបត្តិបាត់ខ្លួន។

លោក Gabriel Diaz ដែលកំពុងស្វែងរកប្អូនស្រី របស់គាត់ដែលបាត់ខ្លួន បាននិយាយថា ដូចដែលព្រឹត្តិការណ៍ បាល់ទាត់ពិភពលោកមានសារសំខាន់សម្រាប់ទីក្រុងម៉ិកស៊ិកដែរ មនុស្សដែលបាត់ខ្លួន ក៏គួរតែមានសារសំខាន់ដូចគ្នាដែរ។

ប្រទេសម៉ិកស៊ិករំពឹងថានឹងមានភ្ញៀវទេសចរប្រហែល ៥ លាននាក់មកទស្សនាព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះរួមគ្នា ជាមួយសហរដ្ឋអាមេរិក និងកាណាដា៕

Most Popular

To Top