កីឡា

លោក សរ សិទ្ធិ ៖ ប្រកួត កីឡាវាយសីជើងឯក នគរបាលអាស៊ីអាគ្នេយ៍ ធ្វើឡើងក្នងគោលបំណង លើកកម្ពស់ វិស័យកីឡានៅកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់ កីឡាដើម្បីសុខភាព

ភ្នំពេញ ៖ រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មានរៀបចំ សន្និសីទ សារព័ត៌មាន ស្តីពីការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក នគរបាលអាស៊ីអាគ្នេយ៍ (Southeast Asia Police Badminton Championship) ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តិទៅ ក្រោមអធបិតីភាពលោកសរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាការ រៀបចំព្រឹត្តិការណ៍ប្រកួត នាមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ក្នុងបរិវេណសាលាបឋមសិក្សាចៅពញាហុក ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍” ប្រព្រឹត្តទៅក្នុង គោលបំណង ដើម្បីរួមចំណែកលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងបណ្តុះស្មារតីស្រឡាញ់ កីឡាដើម្បី សុខភាព ចៀសឆ្ងាយពីគ្រឿងញៀន ជាពិសេសការរឹត ចំណងសាមគ្គីភាព មិត្តភាពនិងកិច្ច សហប្រតិបត្តិការលើ វិស័យកីឡាជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឱ្យកាន់តែមានភាពជិតសិ្នទ្ធ និងចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាពរបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ និងការរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងបណ្តាក្លឹបកីឡាវាយសីនានានៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ គឺជាលើកទី២ហើយ បន្ទាប់ពីព្រឹត្តិការណ៍លើកទី១ កាលពីឆ្នាំ២០២៤ ប្រកបដោយភាពរីករាយ និងជោគជ័យ ជាពិសេសទទួលបាន នូវការលើកសរសើរ ពីថ្នាក់ដឹកនាំជាច្រើន។

លោករដ្ឋលេខាធិការ បានបន្ថែមថា ការប្រកួតធ្វើឡើងក្នុងស្មារតីស្រឡាញ់កីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ទោះបីជាអង្គភាពនីមួយៗ មមាញឹកជាមួយនឹងភារកិច្ចស្នូលរបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែនៅតែខិតខំឆ្លៀត ឱកាសដើម្បីចូលរួម។ ពិតណាស់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ គឺបានបង្ហាញឱ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម លោក លោកស្រីប្រធានក្លឹបនីមួយៗ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ស្ថិតក្នុងឱកាសនេះ ខ្ញុំសូមលើកទឹកចិត្ត និងសូមជូនពរដល់ប្រតិភូកីឡា និងកីឡាករដែលនឹងចូលរួម ក្នុងព្រឹត្តិការណ៍ប្រកួតទាំងអស់ សូមមានសុខភាពល្អ និងចូលរួមប្រកួតដោយស្មារតី ទទួលខុសត្រូវខ្ពស់ “កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព” ។

ជំនួសមុខឱ្យគណៈកម្មការរៀប ចំការប្រកួត ក៏ដូចជាបណ្តាក្លឹបទាំងអស់ដែលបានចូលរួមប្រកួត ខ្ញុំសូមគោរពថ្លែងអំណរ គុណដ៏ខ្ពង់ខ្ពស់ជូន ចំពោះលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ដល់សុខភាពមន្រ្តីរាជការក្រោមឱវាទ ដោយផ្តល់នូវអនុសាសន៍ ផ្តល់ការគាំទ្រ និងជំរុញឱ្យមានការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡានានាជាបន្តបន្ទាប់ ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសី ជ្រើសរើសជើងឯកនគរបាលអាស៊ីអាគ្នេយ៍ ពានរង្វាន់លោក អភិសន្តិបណ្ឌិត ស សុខា” លើកទី២ ឆ្នាំ២០២៥ បានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ដែលមានអត្តពលិក អញ្ជើញមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួម ព្រមទាំងបណ្តាក្លឹប កីឡាវាយសីនៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ រួមនឹងក្លឹបកីឡាវាយសីក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត មានដូចខាង ប្រទេសចូលរួមចំនួនសរុបចំនួន៥ រួមមានប្រទេសកម្ពុជា ជាម្ចាស់ផ្ទះ ប្រទេសឥណ្ឌូណេស៊ី ប្រទេសទីម័រលេស ប្រទេសឡាវ និងប្រទេសវៀតណាម៕

Most Popular

To Top