កីឡា

ក្រុមកីឡាប៉េតង់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គ្រងតំណែងជើងឯក នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦

ភ្នំពេញ ៖ ក្រុមកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយមាសចំនួន ៣៦ គ្រឿងច្រើនជាងគេ ធ្វើឲ្យសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបគ្រងតំណែងជើងឯក ខណៈវិទ្យាស្ថាន ខេមអេដ ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលរៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ នាថ្ងៃទី១៣ ខែមិថុនា ដោយមានការអញ្ជើញពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ លោកសាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អភិបាល និងជានាយកប្រតិបត្តិ ក្រុមហ៊ុន វឌ្ឍនៈប៊្រូវើរី និង លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្រុមកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបដណ្តើមបានមេដាយមាសចំនួន ៣៦ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង វិទ្យាស្ថាន ខេមអេដ ដណ្តើមបានមេដាយមាស ២០ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរិទ្ធ ១៨ គ្រឿង ជាប់ចំណាត់ថ្នាក់លេខ ២ សាកលវិទ្យាល័យ វេស្ទើរ ដណ្តើមបានមេដាយមាស ១១ គ្រឿង មេដាយប្រាក់ ២០ គ្រឿង និងមេដាយសំរិទ្ធ ២៦ គ្រឿងជាប់ចំណាត់ថ្នាក់លេខ ៣ ទូទំាំងប្រទេស។

ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៦ ដែលមានរយៈពេល៩ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន១៨៧៦ នាក់ លើ១២ប្រភេទកីឡាដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយកូនឃ្លីលើតុ វាយសី តេក្វាន់ដូWT តេក្វាន់ដូITF ការ៉ាតេ និងគុនដាវ៕

Most Popular

To Top