កីឡា

លោក វ៉ាត់ ចំរើនដឹកនាំកិច្ចប្រជុំការ ពិនិត្យគោលការណ៍ បច្ចេកទេស នៃការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី និងការប្រកួតកីឡា ឃីកបុកស៊ីង ជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំការពិនិត្យគោលការណ៍ បច្ចេកទេស នៃការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ី លើកទី៦ ឆ្នាំ២០២៦ និងការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦ នៅសាលប្រជុំ “ក”ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្នុងកិច្ចប្រជុំការពិនិត្យ គោលការណ៍បច្ចេកទេស ក៏មានអញ្ជើញចូល រួមពីសំណាក់លោក ប៊ូ ជុំសេរី អនុកិច្ចប្រជុំការ ពិនិត្យគោលការណ៍បច្ចេកទេស លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក កែវ ហុកលី លោក លី ចាន់ភក្តី អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងប្រធាននាយកដ្ឋាន និងប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទំាំងមន្រ្តីពាក់ព័ន្ធការប្រកួតកម្រិតអន្តរជាតិ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានលើកឡើងការកំណត់គោលការណ៏ ឧបត្ថម្ភជូនក្រុមកីឡាករ ជម្រើសជាតិ ក្រុមកីឡាករផ្ទាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្សត្រូវបានជ្រើសរើសសម្រាប់ប្រមូលផ្តុំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំ និងកំណត់ប្រាក់រង្វាន់ជ័យលាភី ជូនកីឡាករជម្រើសជាតិ និងកីឡាករថ្នាលបានចូលរួម ប្រកួតជាលក្ខណៈអន្តរជាតិ ផ្លូវការនៅក្នុងនិងក្រៅប្រទេស ដើម្បីធានាការប្រមូលផ្តុំហាត់ហ្វឹកហ្វឺនក្រុមកីឡាករជម្រើសជាតិ ក្រុមកីឡាករថ្នាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស និងការផ្តល់ប្រាក់រង្វាន់ជ័យលាភី ក្នុងការប្រកួតកីឡា ជាប្រកួតជាលក្ខណៈអន្តរជាតិ ផ្លូវការនៅក្នុងនិងក្រៅប្រទេស មានគុណភាព តម្លាភាព ប្រសិទ្ធភាព និងបង្កើនគុណផលកីឡា។

កីឡាករជម្រើសជាតិ កីឡាករថ្នាល គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ដែលមានកម្រិតបច្ចេកទេសខ្ពស់មានវិន័យល្អ សីលធម៌វិល្អ និងមានឆន្ទៈមោះមុត ហើយត្រូវបានជ្រើសរើសដោយគណៈកម្មការបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានសមាសភាពមកពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ក្រោយពីបានឆ្លងកាត់ការ ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ ការប្រកួតកីឡាជាតិ ឬការប្រកួតកីឡាលិក (League) តាមប្រភេទកីឡារួចមក ។ កីឡាករជម្រើសជាតិ កីឡាករថ្នាល គ្រូបង្វឹក និងគ្រូជំនួយបានទទួលជ័យលាភីពីការប្រកួតជាលក្ខណៈអន្តរជាតិផ្លូវការនៅក្នុង និងក្រៅប្រទេសគ្រប់កម្រិត ដែលទទួលបានការអនុញ្ញាត និងត្រូវបានចាត់តាំងស្រប តាមនិយាមបច្ចេកទេសដោយក្រសួងអប់រំ យុវជន និងកីឡាតាមរយៈអង្គភាពជំនាញតាមឋានានុក្រម ។

ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ី លើកទី៦ (6th Asian Vovinam Championships) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី លើកទី ២ ឆ្នាំ២០២៦ “Asian Kickboxing Championships”ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ រហូតដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦ ពហុកីឡដ្ឋានជាតិអូឡាំពិក នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា៕

Most Popular

To Top