ខេត្តកណ្តាល ៖ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាទីក្រុងតាខ្មៅ ខេត្តកណ្តាលក្រុមកីឡាបាល់ទះបុរសជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្ម ក្នុងពានរង្វាន់ជើងឯកតំបន់អាស៊ាន SEA V-CUP រដូវកាលទី៦ ឆ្នាំ២០២៦ មានចំនួន ២ជើង ដោយជើងទី១ ធ្វើឡើងនៅប្រទេសហ្វីលីពីន និងជើងទី២ ធ្វើឡើងប្រទេសឥណ្ឌូណេស៊ី។ ជាលទ្ធផលក្រុមកម្ពុជា យើងដណ្តើមបានជើងឯក នៅក្នុងជើងទី១ និងចំណាត់ថ្នាក់លេខ៤ ក្នុងជើងទី២ ព្រមទាំងពានរង្វាន់ឯកត្តជនមួយចំនួនថែមទៀត ដែលប្រព្រឹត្តទីនៅទីក្រុង Candon ប្រទេសហ្វីលីពីន និងការប្រកួតកីឡាបាល់ទះ 6th SEA V CUP ជើងទី២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងភរិយា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក យានគី ស៊ីវត្ថា គឺជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិក គ្រួសារកីឡាកម្ពុជា ព្រមទាំងក្រុមហ៊ុនឧបត្ថម្ភ បានមកទទួលដំណើរត្រឡប់មកដល់មាតុភូមិយើងវិញ របស់ក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រុមការងារគ្រូបង្វឹកនិងប្រតិភូ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា សូមថ្លែងអំណរគុណដល់ប្រតិភូ ក្រុមការងារគ្រូបង្វឹក និងប្អូនៗកីឡាករ ដែលបានខិតខំប្រកួតប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ព្រមទាំងនាំយកពានរង្វាន់និងមេដាយជូនជាតិមាតុភូមិ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូនទាំងអស់ ដែលតែងតែចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករយើង នៅទីលានផ្ទាល់ និងទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយនានា ទាំងក្នុងនិងក្រៅប្រទេស។ យើងរួមសាមគ្គីគ្នា សហការគ្នាខ្មែរតែមួយជាបន្តទៀត ដើម្បីសម្រេចក្តីស្រម៉ៃ នាំយកសមទ្ធិផលលើឆាកអន្តរជាតិ ជូនជាតិមាតុភូមិយើង នៅថ្ងៃអនាគតជាបន្តបន្ទាប់។

ក្រុមប្រតិភូកីឡាករជម្រើសជាតិបាល់ទះកម្ពុជា បានអញ្ជើញទៅចូលរួមប្រកួតកីឡាបាល់ទះពានរង្វាន់ SEA V CUP រដូវកាលទី៦ ជើងទី១ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងCandon ប្រទេសហ្វីលីពីន ដោយទទួលបានពាន SEA V CUP រដូវកាលទី៦ ជើងទី១។ ចំណែកការចូលរួមប្រកួតបាល់ទះ 6th SEA V CUP រដូវកាលទី៦ ជើងទី២ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤៕
ដោយ៖លី ភីលីព






