កីឡា

មហាសេដ្ឋីបាល់ទាត់ លោក Ronaldo ត្រៀមរៀបការជាមួយ ដៃគូយូរអង្វែង Georgina Rodriguez នៅចុងសប្តាហ៍នេះ

ព័រទុយហ្គាល់ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហាសេដ្ឋី និងកំពូលកីឡាករបាល់ទាត់ឆ្នើម ជនជាតិមហាសេដ្ឋី លោក Cristiano Ronaldo និងគូដណ្តឹងរបស់លោក អ្នកនាង Georgina Rodriguez មានគម្រោងរៀបការនៅលើកោះព័រទុយហ្គាល់នៅថ្ងៃទី ៨ ខែសីហាខាងមុខនេះ ។

នាថ្ងៃទី ២ ខែសីហា សារព័ត៌មាន GB News បានចេញផ្សាយថា គូស្នេហ៍នេះចង់ជ្រើសរើសព្រះវិហារ ប្រវត្តិសាស្ត្រមួយក្នុងទីក្រុង Funchal ដែលជារដ្ឋធានីនៃកោះ Madeira ជាទីកន្លែងសម្រាប់ពិធីមង្គលការរបស់ពួកគេ។ បន្ទាប់ពីពិធីនេះ ពួកគេគម្រោងរៀបចំពិធីជប់លៀងឯកជនមួយនៅសណ្ឋាគារ Savoy Palace លំដាប់ផ្កាយប្រាំនៅក្បែរនោះ។

យោងតាមកាសែត The Sun បាននិយាយថា វិហារ Funchal ត្រូវបានកក់សម្រាប់ពិធីមង្គលការដ៏ធំមួយនៅម៉ោងប្រហែល ៣ រសៀលថ្ងៃសៅរ៍នេះ ដោយផ្អែកលើព័ត៌មានពីប្រភពក្នុងស្រុក។

ប្រភពមួយទៀតបានបង្ហាញថា ភ្ញៀវនៅ Savoy Palace ត្រូវបានជូនដំណឹងរួចហើយអំពីផែនការសម្រាប់ព្រឹត្តិការណ៍ឯកជនដ៏សំខាន់មួយ។ ជាន់ពីរទាំងមូលនៃសណ្ឋាគារប្រណីត និងតំបន់បារជាច្រើននឹងត្រូវបិទនៅថ្ងៃទី ៧ និង ៨ ខែសីហា ដើម្បីរៀបចំ។ ទីក្រុងឆ្នេរសមុទ្រ Funchal មានអត្ថន័យសំខាន់សម្រាប់ Ronaldo។ លោកបានជួបប្រទះនឹងកុមារភាពដ៏លំបាក និងរាបទាបជាមួយក្រុមគ្រួសាររបស់លោក មុនពេលចាកចេញពីស្រុកកំណើតរបស់លោកនៅអាយុ ១១ឆ្នាំ ដើម្បីបន្តក្តីសុបិន្តបាល់ទាត់របស់លោកនៅ Sporting Lisbon។

អាជ្ញាធរមូលដ្ឋានបានគោរពសមិទ្ធផលរបស់ Ronaldo ជាមួយនឹងរូបសំណាកសំរិទ្ធរបស់គាត់នៅលើកោះនេះ។ ពីមុន មានពាក្យចចាមអារ៉ាមថា Ronaldo និង Rodriguez កំពុងរៀបចំពិធីមង្គលការនៅឯអចលនទ្រព្យ Quinta da Regaleira ដ៏ល្បីល្បាញនៅ Sintra ទីក្រុង Lisbon នៅថ្ងៃទី ១ ខែសីហា។

ទោះជាយ៉ាងណាក៏ដោយ ព័ត៌មាននោះត្រូវបានបដិសេធ យ៉ាងឆាប់រហ័ស ដោយសារតែអចលនទ្រព្យ នៅតែបើកចំហសម្រាប់ភ្ញៀវ និងអ្នកទេសចរជាប្រចាំដូចធម្មតា។ កាលពីសប្តាហ៍មុន Ronaldo និង Rodriguez ត្រូវបានគេឃើញពាក់ចិញ្ចៀនពេជ្រដូចគ្នា ខណៈពេលកំពុងវិស្សមកាលនៅលើទូកកម្សាន្តប្រណីតមួយនៅ Mallorca ជំរុញឲ្យមានការរំពឹងទុកថាថ្ងៃដ៏អស្ចារ្យរបស់ពួកគេកំពុងខិតជិតមកដល់៕

Most Popular

To Top