កីឡា

កូនប្រុសអតីតវីរកីឡាការិនី ប៉ាល់ ឆរស្មី កីឡាករតេក្វាន់-ដូ ITF ឡេង ឆកិត្យា ឈ្នះមេដាយសំរិទ្ធ កម្រិតអន្តរជាតិ នៅម៉ុងហ្គោលី

ភ្នំពេញ ៖ កីឡាករតេក្វាន់-ដូ ITF វ័យក្មេង ឡេង ឆកិត្យា ដែលជាកូនប្រុស របស់អតីតវីរកីឡាការិនី ប៉ាល់ ឆរស្មី ម្ចាស់មេដាយ ៦គ្រឿងក្នុងព្រឹត្តការណ៍ការប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
ដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿងកម្រិតអន្តរជាតិលើវិញ្ញាសាមេគុនឯកត្តជនក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នៅ ប្រទេសម៉ុងហ្គោលី ។

អតីតវីរកីឡាការិនី ប៉ាល់ ឆរស្មី បានប្រាប់តាមអនឡាញ ពីប្រទេសម៉ុងហ្គោលីថា លោកស្រីពិតជាសប្បាយ រីករាយខ្លាំងណាស់ បន្ទាប់ពីកូនប្រុសលោកស្រីទទួល បានមេដាយសំរិទ្ធកម្រិត អន្តរជាតិលើវិញ្ញាសាមេគុន ឯកត្តជនក្នុងព្រឹត្តិការណ៍ខាងលើនេះ ។ មេដាយនេះបានសាងស្នាដៃជូនគ្រួសារ សហព័ន្ធ និងជាតិលើឆាកអន្តរជាតិ កម្រិតអាស៊ី ជាលើកដំបូងរបស់កូនប្រុស ។

កាលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

បញ្ជាក់៖មេដាយ ៧ គ្រឿងរួមមាន មេដាយមាស ២ គ្រឿង បានទៅលើកីឡាករ ស៊ីវ សិរីបុត្រ និងកីឡាករ សិរីរតនាវង្ស លើវិញ្ញាសាមេគុន ។ មេដាយប្រាក់ ៣ គ្រឿង បានទៅលើកីឡាករ ឌីម ឆាយគុណថាវរៈ កីឡាករ នេត្រ ហាក់លី លើវិញ្ញាសាមេគុន ពិសេសឯកត្តជន (បំបែកក្តារ)និងកីឡាការិនី លឹម ខេង មេគុន ពិសេសឯកត្តជន (បំបែកក្តារ) ចំណែកមេដាយសំរិទ្ធ ២ គ្រឿងទៀតបានទៅលើឡេង ឆកិត្យា និងកីឡាករ សិរី នុរក្សពង្ស លើវិញ្ញាសាមេគុន។
សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ៕

Most Popular

To Top