ភ្នំពេញ៖លោក កែវ រស់ អគ្គលេខាធិការសហព័ន្ធកីឡា វាយសីកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡា វាយសីជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ មានការកើនឡើង ចំនួនប្រទេសចូលរួម ២ បន្ថែមទៀតបានបង្ហាញ ឲ្យឃើញការគាំទ្រ សម្រាប់ការប្រកួតដែលប្រព្រឹត្តិទៅចាប់ថ្ងៃទី១៥ ថ្ងៃទី២១ ខែសីហា ២០២៦ នៅកម្ពុជាធ្វើម្ចាស់ផ្ទះ និងការបង្ហាញនូវសក្ខីភាព នៃការគាំទ្រពីប្រទេសក្នុងតំបន់ ក៏ដូចជាការផ្តល់សិទ្ធិ និងគាំទ្រយ៉ាងពេញ ទំហឹងពីសហព័ន្ធវាយសីអាស៊ី-BA។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាតំណាងឲ្យលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រាប់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៦ “3rd Southeast Asia Badminton Regional Championships 2026” នៅសាលប្រជុំគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ដោយការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុនវឌ្ឍនៈជាដៃគូឧបត្ថម្ភ ។

លោក កែវ រស់ បានបន្ថែមថា ការធ្វើម្ចាស់ផ្ទះការប្រកួត ២ លើកកន្លងមក មានត្រឹម ៥ ប្រទេសចូលរួម ហើយឆ្នាំនេះមាន ២ ប្រទេសចូលរួមបន្ថែម សរុប ៧ប្រទេស រួមមានម្ចាស់ផ្ទះប្រទេសកម្ពុជា ប្រទេសព្រុយណេ ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសទីម័រខាងកើត ប្រទេសហ្វីលីពីន និង ប្រទេសវៀតណាម ។ សមាសភាពកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រៀមចូលរួមប្រកួតលើវិញ្ញាសាក្រោមអាយុ ២៣ឆ្នាំ ៦ រូប វិញ្ញាសាក្រោមអាយុ ១៩ឆ្នាំ មាន៧ រូប និងវិញ្ញាសាក្រោមអាយុ១៦ឆ្នាំ មាន៦រូប សរុប ១៩នាក់។

ប្រទេសចូលរួមទាំងអស់សុទ្ធតែបានចុះឈ្មោះកីឡាករ-កីឡាការិនីគ្រប់វិញ្ញាសា និងកម្រិតអាយុទាំងអស់ ដូច្នេះការប្រកួតឆ្នាំនេះកាន់តែ ស្វិតស្វាញជាមុន។ លោកបន្តថា ព្រឹត្តិការណ៍វាយសីនេះគ្រោង នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោជាមួយនឹងផលចំណេញច្រើន រួមទំាងគុណភាពបច្ចេកទេស កីឡាករ-កីឡាការិនី រិត ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសក្នុងតំបន់ រួមទាំងមានផលប្រយោជ ន៍មួយចំនួនដល់សង្គមជាតិ៕




