ភ្នំពេញ ៖ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) និងពង្រឹងការអនុវត្តក្រម WADA ឆ្នាំ២០២៧ ដោយមានការចូលរួមពីសំណាក់លោកស្រីរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមអនុវត្តក្រមថ្មី២០២៧ របស់ WADA ឲ្យបានគត់មត់ និងការបន្តពង្រឹង ការអប់រំកាយ និងកីឡា បង្កើតនូវប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល ដោយបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ឆ្ពោះទៅការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Fair Play)។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតភ្នាក់ងារជាតិប្រឆាំងសារធាតុហាមឃាត់កម្ពុជា (CADA – Cambodia Anti-Doping Agency) ក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា។ CADA មានសមត្ថកិច្ចថ្នាក់ជាតិ ក្នុងការដឹកនាំសម្របសម្រួល និងអនុវត្តគោលនយោបាយប្រឆាំងសារធាតុហាមឃាត់ ស្របតាមស្ដង់ដាដែលកំណត់ដោយ WADA ក្នុងនោះសកម្មភាព និងភារកិច្ចចម្បងនៃការអនុវត្តក្រម WADA រួមមាន ការអប់រំ និងការផ្សព្វផ្សាយ (Education & Awareness)៖ CADA រៀបចំវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាជាទៀងទាត់ដល់កីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីកីឡា អំពីបញ្ជីសារធាតុហាមឃាត់ (Prohibited List) ផលប៉ះពាល់សុខភាព និងវិធានការការពារខ្លួនពីការប្រើប្រាស់សារធាតុហាមឃាត់ដោយអចេតនា។
ការធ្វើតេស្តត្រួតពិនិត្យ (Doping Control & Testing) ដើម្បីផ្ញើទៅកាន់មន្ទីរពិសោធន៍ដែលទទួលស្គាល់ដោយ WADA និង (៣) ការគ្រប់គ្រងលទ្ធផល និងការដាក់ទណ្ឌកម្ម (Results Management)៖ ប្រសិនបើមានករណីរកឃើញសារធាតុហាមឃាត់ កម្ពុជាត្រូវអនុវត្តនីតិវិធីស៊ើបអង្កេត និងដាក់ទណ្ឌកម្ម (ដូចជាការផ្អាកការប្រកួត) ស្របតាមនីតិវិធីដែលកំណត់ដោយក្រម WADA៕



