កីឡា

វៀតណាម ទាក់ទាញទស្សនិកជន ច្រើនជាងគេនៅវគ្គចែកពូល នៃការប្រកួត ASEAN Cup ដោយវ៉ាដាច់ឥណ្ឌូនេស៊ីខណៈកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ៣

វៀតណាម ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វៀតណាមទាក់ទាញអ្នកទស្សនាសរុបចំនួន ៥១,១៩៧ នាក់សម្រាប់ការប្រកួតក្នុងផ្ទះទាំង២ របស់ពួកគេនៅវគ្គចែកពូលការប្រកួតពានរង្វាន់ ASEAN Cup 2026 ដោយវ៉ាដាច់ឥណ្ឌូនេស៊ីដោយអ្នកគាំទ្រជិត ១,៥០០ នាក់ និងនាំមុខគេក្នុងការប្រកួត ខណៈកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានអ្នកទស្សនាសរុបចំនួន ៣៤,៣៣៨ នាក់។

វៀតណាមទាក់ទាញអ្នកទស្សនាចំនួន ៣១,៥៦៩ នាក់សម្រាប់ការប្រកួតជាមួយសិង្ហបុរី និងស្វាគមន៍អ្នកគាំទ្រចំនួន ១៩,៦២៨ នាក់សម្រាប់ការប្រកួតជាមួយកម្ពុជា។ សរុបមក ពហុកីឡដ្ឋាន My Dinh ទីក្រុងហាណូយបានកត់ត្រាអ្នកទស្សនាចំនួន ៥១,១៩៧ នាក់ មានអ្នកទស្សនាជាមធ្យមជិត ២៥,៦០០ នាក់ក្នុងមួយប្រកួត។

ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់លេខ ២ ដោយមានអ្នកទស្សនាចំនួន ៤៩,៧៥០ នាក់នៃការប្រកួតក្នុងផ្ទះ២ លើក។ ពហុកីឡដ្ឋាន Pakansari បានទទួលមនុស្សចំនួន ២២,៤៨៥ នាក់សម្រាប់ការប្រកួតជាមួយកម្ពុជា និង ២៧,២៦៥ នាក់សម្រាប់ការប្រកួតដែលរំពឹងទុកយ៉ាងខ្លាំងជាមួយវៀតណាម។ គម្លាតរវាងក្រុមទាំងពីរដែលមានអ្នកទស្សនាក្នុងផ្ទះខ្ពស់បំផុតគឺមានតែ ១,៤៤៧ នាក់ប៉ុណ្ណោះ។

ចំណែកប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានអ្នកទស្សនាសរុបចំនួន ៣៤,៣៣៨ នាក់។ ការប្រកួតជាមួយសិង្ហបុរីនៅពហុកីឡដ្ឋានមរតកតេជោបានទាក់ទាញមនុស្សចំនួន ២៧,៧៩០ នាក់។ ទោះជាយ៉ាងណាក៏ដោយ មានអ្នកទស្សនាត្រឹមតែ ៦,៥៤៨ នាក់ប៉ុណ្ណោះដែលបានទស្សនាការប្រកួតជាមួយទីម័រខាងកើត។

ប្រទេសថៃបានតាមពីក្រោយយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកទស្សនាចំនួន ២៩,០៦៣ នាក់នៃការប្រកួតក្នុងផ្ទះទាំង២របស់ពួកគេ។ ចំនួននេះរួមមានមនុស្សចំនួន ១៦,០៣៧ នាក់សម្រាប់ការប្រកួតជាមួយម៉ាឡេស៊ី និង ១៣,០២៦ នាក់នៅពេលធ្វើជាម្ចាស់ផ្ទះទទួលមីយ៉ាន់ម៉ា។

ម៉ាឡេស៊ីបានកត់ត្រាចំនួនអ្នកទស្សនាសរុបចំនួន ២២,៧៧៨នាក់ ដោយមានអ្នកទស្សនាចំនួន ១០,០៤៤ នាក់សម្រាប់ការប្រកួតជាមួយឡាវ និង ១២,៧៣៤ នាក់សម្រាប់ការប្រកួតជាមួយហ្វីលីពីន។ក្រុមដែលនៅសល់បានឃើញតួលេខអ្នកចូលរួមទាបជាងគួរឲ្យកត់សម្គាល់។

មីយ៉ាន់ម៉ាបានកត់ត្រាអ្នកទស្សនាចំនួន ១០,៥០០ នាក់សម្រាប់ការប្រកួតជាមួយម៉ាឡេស៊ី ប៉ុន្តែទិន្នន័យសម្រាប់ការប្រកួតរបស់ពួកគេទល់នឹងឡាវមិនទាន់មាននៅឡើយទេ។ សិង្ហបុរីបានទាក់ទាញអ្នកទស្សនាចំនួន ៩,៧៧៨នាក់ ខណៈឡាវបានកត់ត្រាចំនួន ៨,៨៦៦នាក់។ ហ្វីលីពីនជាប់ចំណាត់ថ្នាក់ទីប្រាំបួនដោយមានអ្នកចូលរួមសរុបត្រឹមតែ ៥,៨៩០ នាក់ប៉ុណ្ណោះ៕

Most Popular

To Top