កីឡា

កម្ពុជា បើកកិច្ចប្រជុំ ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ នៅកម្ពុជា

ភ្នំពេញ៖នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ លើការងារត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028) នៅប្រទេសកម្ពុជាក្នុងសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្នុងកិច្ចប្រជុំស្តីពីការពិនិត្យលើការងារ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការនៃស.ស.ន.ក លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ និងជាអគ្គលេខាធិការរងនៃស.ស.ន.ក លោក ឈុន ចាន់ធូ អគ្គនាយករង លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងលោក លោកស្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។

លោក ព្រំ ប៊ុណ្ណយី អគ្គលេខាធិការរង នៃស.ស.ន.កបានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨(23rd ASEAN University Games 2028) នៅប្រទេសកម្ពុជារួមមាននរៀបចំបង្កើតប្រធានគណៈកម្មការជាតិ និងប្រធានគណៈកម្មការនីមួយៗ បានប្រជុំផ្សព្វផ្សាយដល់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងសហព័ន្ធកីឡាជាតិ បានកំណត់ឡូហ្គោ (ម៉ាស្ក័ត) ។

ការប្រកួតខាងលើនេះក៏បានកំណត់យក ៧ ប្រភេទកីឡាចាំបាច់ដូចជាកីឡាអត្តពលកម្ម កីឡាហែលទឹក កីឡាបាល់បោះ កីឡាបាល់ទះ កីឡាបាល់ទាត់ កីឡាតេក្វាន់ដូ WT និងចំនួន ៩ ប្រភេទកីឡាជម្រើសមាន គុនល្បុកតោ ប៉េតង់ ការ៉ាតេ ចំបាប់ យូដូ ជឺជីតសូ បញ្ចាស៊ីឡាត់ តេក្វានដូ (ITF) គុនដាវ ។

ការរៀបចំព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី ២៣ (23rd ASEAN University Games) ដែរកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ ៕
ដោយ៖លី ភីលីព

Most Popular

To Top