កីឡាករបាល់ទាត់ក្នុងសតវត្សរ៍ទី២១នេះ មិនត្រឹមតែជាអ្នកកីឡានៅលើទីលានប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានក្លាយជាតារាល្បី និងជាម៉ាកសញ្ញាពាណិជ្ជកម្ម ដ៏មានឥទ្ធិពល។
ការផ្លាស់ប្តូរដ៏ធំនេះ បានចាប់ផ្តើមតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយមានវីរបុរសក្រុម Manchester United និងជម្រើសជាតិអង់គ្លេស លោក David Beckham ជាអ្នកដឹកនាំ និងបើកទ្វារឱ្យកីឡាករជាច្រើនទៀតដើរតាម។
អតីតកីឡាកររបស់ Arsenal លោក John Halls ដែលបច្ចុប្បន្នបានផ្លាស់ប្តូរអាជីពទៅជាតារាម៉ូដល្បីឈ្មោះ ឱ្យក្រុមហ៊ុន Giorgio Armani និង Dolce & Gabbana បានថ្លែងប្រាប់សារព័ត៌មាន GOAL នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា៖ «លោក Beckham បានបើកចំហពិភពលោកមួយនេះ គឺការរកប្រាក់ចំណូលពីខាងក្រៅទីលាន។ កាលពីមុន កីឡាករត្រូវបានគេប្រាប់ឱ្យផ្តោតតែលើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះ ប៉ុន្តែដោយសារអាជីពជាកីឡាករមានថិរវេលាខ្លី ពួកគេចាំបាច់ត្រូវបង្កើតប្រាក់ចំណូល និងបង្កើតម៉ាកសញ្ញាផ្ទាល់ខ្លួន (Brand)»។
លោក John Halls បានបន្ថែមថា បណ្តាញសង្គមបានជំរុញឱ្យកីឡាករបាល់ទាត់បច្ចុប្បន្នក្លាយជាតារាមានឥទ្ធិពលកាន់តែខ្លាំង។ បច្ចុប្បន្ន ក្លឹបបាល់ទាត់នានាក៏បានអនុញ្ញាតឱ្យកីឡាករស្វែងរកប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួនផងដែរ ដរាបណាពួកគេនៅតែរក្សាទម្រង់លេងបានល្អនៅលើទីលាន។
ប្រែសម្រួលដោយ៖ គីរី
