កីឡា

លោក Infantino នឹងឈរឈ្មោះបោះឆ្នោត ជាប្រធាន FIFA ឡើងវិញ ទោះបីជាផែនការលក់ភាគហ៊ុនសម្រាប់ព្រឹត្តិការណ៍ World Cup បានបរាជ័យក៏ដោយ

ទីក្រុង Manchester ៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Gianni Infantino ប្រធានសហព័ន្ធកីឡា បាល់ទាត់ពិភពលោក “FIFA” នឹងឈរឈ្មោះបោះឆ្នោតឡើងវិញ ទោះបីជាមានការអំពាវនាវ កាន់តែខ្លាំងឡើងឲ្យលោក ចុះចេញពីតំណែងជាប្រធានស្ថាប័ន គ្រប់គ្រងបាល់ទាត់ពិភពលោកក៏ដោយ។

លោក Infantino បានប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីផែនការដ៏ចម្រូងចម្រាសរបស់លោកនៃការលក់ភាគហ៊ុនក្នុងព្រឹត្តិការណ៍ World Cup ត្រូវបានជួបប្រទះនឹងប្រតិកម្មយ៉ាងខ្លាំង ។ ប៉ុន្តែ FIFA បាននិយាយកាលពីថ្ងៃអាទិត្យថា លោកមានគម្រោងឈរឈ្មោះម្តងទៀត ក្នុងការបោះឆ្នោតឆ្នាំក្រោយសម្រាប់អាណត្តិ ចុងក្រោយរហូតដល់ឆ្នាំ ២០៣១។

អ្នកនាំពាក្យ FIFA បាននិយាយថា ប្រធាន FIFA បានប្រកាសកាលពីខែមេសាថា លោកនឹងឈរឈ្មោះបោះឆ្នោតឡើងវិញនៅឆ្នាំ ២០២៧ ហើយជាការពិតណាស់គ្មានអ្វីផ្លាស់ប្តូរទេ។ លោក Infantino នឹងឈរឈ្មោះបោះឆ្នោតឡើងវិញ។ ថ្ងៃទី ១៨ ខែវិច្ឆិកា គឺជាថ្ងៃផុតកំណត់សម្រាប់បេក្ខជនដើម្បីចូលរួមក្នុងការប្រកួតប្រជែងប្រធាន បន្ទាប់ ៤ ខែមុនការបោះឆ្នោត។

UEFA ជាស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប បានដឹកនាំការអំពាវនាវឲ្យលោក Infantino ចុះចេញ ដោយនិយាយថា ខ្លួនបានបាត់បង់ទំនុកចិត្តលើលោក ហើយពីមុនបានគំរាមកំហែងធ្វើពហិការការប្រកួត FIFA រួមទាំងព្រឹត្តិការណ៍ World Cup ។ សមាគមជាតិមួយចំនួន ដូចជា FA អង់គ្លេស បានដកការគាំទ្រចំពោះការបោះឆ្នោតឡើងវិញរបស់លោក Infantino។

កាលពីថ្ងៃសៅរ៍ លោក Infantino បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីអនាគតរបស់លោក នៅពេលមកដល់សម្រាប់ការបើកព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនារីអាយុក្រោម ២០ ឆ្នាំនៅប្រទេសប៉ូឡូញ។ លោកបានប្រាប់ Sky News ថា នឹងមានរឿងជាច្រើនដែលត្រូវនិយាយ ប៉ុន្តែនឹងមានកន្លែងត្រឹមត្រូវ និងពេលវេលាត្រឹមត្រូវដើម្បីនិយាយរឿងនេះ។ វាមិនមែនថ្ងៃនេះទេ វាមិនមែននៅទីនេះទេ ប៉ុន្តែនៅទីនេះ និងថ្ងៃនេះ យើងកំពុងរីករាយនឹងបាល់ទាត់”។

FIFA បានសុំទោសចំពោះកំហុសដែលបានធ្វើឡើងលើផែនការដ៏ចម្រូងចម្រាសរបស់ខ្លួនក្នុងការលក់ប្រាក់ចំណេញ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធពាណិជ្ជកម្ម ហើយបានប្តេជ្ញាថា ធានាថាពួកគេមិនកើតឡើងម្តងទៀតទេ៕

Most Popular

To Top