តូក្យូ៖ក្រុមកីឡាករកាយសម្ព័ន្ធរបស់ម្ចាស់ផ្ទះ ជប៉ុន ដែលនឹងត្រូវចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី (Asian Games) នៅលើទឹកដីខ្លួនឯងនៅខែនេះ រួមមានម្ចាស់មេដាយមាសអូឡាំពិក និងជើងឯកពិភពលោក ជាច្រើនរូប ប៉ុន្តែបញ្ហារបួសធ្ងន់ធ្ងរ បានបង្កជាក្តីបារម្ភ ចំពោះឱកាសឈ្នះមេដាយរបស់ពួកគេ។
កីឡាករ Shinnosuke Oka ដែលបានឈ្នះមេដាយមាសលើវិញ្ញាសាប្រកួតគ្រប់ប្រភេទ (all-around) វិញ្ញាសាជាក្រុម និងវិញ្ញាសាធ្នឹមផ្ដេក (horizontal bar) នៅព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យរាងកាយត្រឡប់មកមានភាពរឹងមាំឡើងវិញ បន្ទាប់ពីជួបបញ្ហារបួសខ្នងផ្នែកខាងក្រោមកាលពីសប្តាហ៍មុន។
ព្រឹត្តិការណ៍កីឡានេះនឹងចាប់ផ្តើមនៅទីក្រុង Nagoya និងតំបន់ Aichi នៅថ្ងៃទី ១៩ ខែកញ្ញា ដោយការប្រកួតកីឡាកីឡាកាយសម្ព័ន្ធបុរសនឹងចាប់ផ្តើមនៅ ២ ថ្ងៃបន្ទាប់។ កីឡាករ Tomoharu Tsunogai ជាអតីតជើងឯកពិភពលោកកម្រិតយុវជន ក៏កំពុងព្យាបាលរបួសកជើងយ៉ាងធ្ងន់ធ្ងរ ខណៈកីឡាករ Shoma Tsukiyama កំពុងជួបបញ្ហាឈឺខ្នងផ្នែកខាងក្រោម មានន័យថា សមាជិក ៣ នាក់ក្នុងចំណោមសមាជិកក្រុមទាំង ៥ របស់ជប៉ុន សុទ្ធតែមានបញ្ហារបួសមុនពេលចូលរួមការប្រកួត។
លោក Oka មិនបានចូលរួមការហ្វឹកហាត់ជាក្រុមនៅថ្ងៃពុធនោះទេ ប៉ុន្តែបានប្រាប់អ្នកសារព័ត៌មាននៅពេលក្រោយថា លោកនៅតែមានបំណងចង់ចូលរួមប្រកួតនៅទីក្រុង Nagoya។
កីឡាករវ័យ ២២ ឆ្នាំរូបនេះបាននិយាយថា ខ្ញុំពិតជាទន្ទឹងរង់ចាំការប្រកួតនេះ ហើយខ្ញុំគិតថា ចិត្តគំនិតរបស់ខ្ញុំនឹងផ្លាស់ប្តូរ ទៅរកភាពមុតស្រួចនៅពេលនោះ ។ បច្ចុប្បន្ននេះ សមត្ថភាពរាងកាយរបស់ខ្ញុំ អាចធ្វើបានត្រឹមតែសកម្មភាព ចាំបាច់បំផុតប៉ុណ្ណោះ ប៉ុន្តែខ្ញុំមិនចង់បោះបង់ចោលគោល ដៅក្នុងការដណ្តើមយកមេដាយមាសនោះទេ។
ជប៉ុនគឺជាម្ចាស់ជើងឯកអូឡាំពិកផ្នែកក្រុមនាពេលបច្ចុប្បន្ន ប៉ុន្តែប្រទេសចិនបានឈ្នះជើងឯកកីឡាអាស៊ីនៅលើទឹកដីខ្លួនឯងនៅទីក្រុង Hangzhou កាលពីឆ្នាំ ២០២៣។ ក្រុមរបស់ជប៉ុនសម្រាប់ការប្រកួតឆ្នាំនេះ ក៏រួមបញ្ចូលនូវលោក Daiki Hashimoto ដែលជាម្ចាស់ជើងឯកពិភពលោក និងអតីតជើងឯកអូឡាំពិកលើវិញ្ញាសាប្រកួតគ្រប់ប្រភេទ (all-around) ព្រមទាំងលោក Kiichi Kaneda។
លោក Kensuke Murata ប្រធានក្រុមជប៉ុន បាននិយាយថា លោកនឹងវាយតម្លៃស្ថានភាពរាងកាយរបស់ក្រុម និងសម្រេចចិត្តលើការផ្លាស់ប្តូរណាមួយមុនថ្ងៃផុតកំណត់នៅថ្ងៃទី ១៦ ខែកញ្ញា។ លោក Murata បានបន្តថា ប្រសិនបើលោក Oka ចូលរួមប្រកួតមែននោះ លោកនឹងសម្តែងក្បាច់ដែលមានកម្រិតពិបាកទាបជាងធម្មតា៕
