កីឡា

យុទ្ធសាស្ត្ររៀបចំតំបន់ការពារ និងការកែទម្រង់ទិញដូរកីឡាកររបស់ Manchester United ក្រោមការដឹកនាំ INEOS

អត្ថបទវិភាគ៖ ការចូលកាន់កាប់ប្រតិបត្តិការបាល់ទាត់របស់ក្រុមហ៊ុន INEOS ដឹកនាំដោយលោក Sir Jim Ratcliffe នាយកប្រតិបត្តិ Omar Berrada និង នាយកបច្ចេកទេស Jason Wilcox ត្រូវបានគេមើលឃើញថាកំពុងតែផ្លាស់ប្តូរ មុខមាត់របស់ Manchester United យ៉ាងស៊ីជម្រៅ ។ ក្រុមការងារថ្មីនេះ បាន និងកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ យ៉ាងប្រុងប្រយ័ត្នលើការកសាងតំបន់ការពារឡើងវិញ និងការដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលបន្សល់ទុកពីអតីតកាល នេះបើយោងតាមការចេញផ្សាយ ESPN នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦។

១. វិបត្តិបំណុលផ្ទេរកីឡាករ និងការលុបបំបាត់កេរដំណែលអវិជ្ជមានពីសម័យ Glazer
ជាងពីរឆ្នាំបន្ទាប់ពី INEOS បានចូលមកកាន់កាប់ប្រតិបត្តិការបាល់ទាត់ ក្លិបនៅតែប្រឈមមុខយ៉ាងខ្លាំងនឹងផលវិបាកផ្នែកហិរញ្ញវត្ថុ ដែលកើតចេញពីការទិញដូរកីឡាករខុសឆ្គងនាពេលកន្លងមក៖

បំណុលថ្លៃផ្ទេរ៖ បច្ចុប្បន្ន Manchester United នៅជំពាក់ប្រាក់ថ្លៃផ្ទេរកីឡាករសរុបជិត ៤២២ លានផោន ដោយក្នុងនោះប្រមាណ ២៣៨ លានផោន ត្រូវទូទាត់សងជាបន្តបន្ទាប់។

ការផ្លាស់ប្តូរទស្សនវិស័យ៖ ការចំណាយខ្ជះខ្ជាយ និងការផ្តល់ប្រាក់ពលកម្មខ្ពស់អសមមាត្រនាពេលកន្លងមក បានដាក់សម្ពាធយ៉ាងខ្លាំងលើថវិការបស់ក្លិប។ ដើម្បីជៀសវាងកំហុសឆ្គងដដែលៗ លោក Jason Wilcox និងលោក Omar Berrada បានដាក់ចេញនូវនយោបាយទិញដូរថ្មី ដោយផ្តោតលើកីឡាករដែលមានតម្លៃសមរម្យ មានហានិភ័យទាប និងមានឆន្ទៈចង់លេងឱ្យក្លិបដោយស្មោះត្រង់។

២. អនាគតរបស់ Harry Maguire និងយុទ្ធសាស្ត្រចំពោះកីឡាករជើងចាស់៖
ស្ថានភាពកុងត្រារបស់ខ្សែការពារកណ្តាល Harry Maguire និងកីឡាកររៀមច្បងក្នុងក្រុម គឺជាប្រធានបទយុទ្ធសាស្ត្រដ៏សំខាន់៖ ការបន្តកុងត្រា​ បើទោះបីជា Maguire មានអាយុ ៣៣ ឆ្នាំ និងធ្លាប់ជួបការលំបាកក៏ដោយ ប៉ុន្តែសមត្ថភាពដឹកនាំ និងបទពិសោធន៍របស់គេបានធ្វើឱ្យ INEOS សម្រេចចិត្តផ្តល់កុងត្រាថ្មីដល់រូបគេ (រហូតដល់ឆ្នាំ ២០២៧) ជាមួយលក្ខខណ្ឌប្រាក់ពលកម្មសមរម្យជាងមុន។ តួនាទីជាអ្នកដឹកនាំ Maguire នៅតែជាសសរទ្រូងសំខាន់ និងជាអ្នកជួយជ្រោមជ្រែងកីឡាករវ័យក្មេង ខណៈដែលស្ថានភាពកុងត្រារបស់ Luke Shaw និង Lisandro Martínez ក៏ស្ថិតក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ផងដែរ។

៣. ការបណ្ដុះបណ្ដាល និងការបង្កើតតំបន់ការពារជំនាន់ថ្មី
គោលដៅរយៈពេលវែងរបស់ INEOS និងលោក Jason Wilcox គឺការបង្កើតរចនាសម្ព័ន្ធតំបន់ការពារដែលមាននិរន្តរភាព ការផ្តល់ឱកាសដល់យុវជន ក្លិបកំពុងរុញច្រានខ្សែការពារវ័យក្មេងដូចជា Leny Yoro និង Ayden Heaven ឱ្យឡើងមកធ្វើជាសសរទ្រូងសំខាន់នៃតំបន់ការពារនាពេលអនាគត។

តុល្យភាពក្នុងក្រុម ការរក្សាទុក Maguire ផ្ដល់ពេលវេលាគ្រប់គ្រាន់ឱ្យខ្សែការពារវ័យ ក្មេងអភិវឌ្ឍសមត្ថភាពដោយគ្មានសម្ពាធ បង្កើតបានជាតុល្យភាពរវាងបទពិសោធន៍កីឡាកររៀមច្បង និងថាមពលរបស់ជំនាន់ក្រោយ។​​ តាមរយៈយុទ្ធសាស្ត្រនេះ Manchester United កំពុងដើរលើផ្លូវមួយដែលផ្តោតលើ «ស្ថិរភាពហិរញ្ញវត្ថុ និងទស្សនវិស័យ បាល់ទាត់ច្បាស់លាស់» ដើម្បីនាំយកក្លិបត្រឡប់ទៅរកភាព ជោគជ័យប្រកបដោយចីរភាពឡើងវិញ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top