ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់លោក សែត វណ្ណាសិទ្ធ អគ្គលេខាធិការរង និងជាប្រធានទទួលការងារពិនិត្យលើប្រតិភូ-ប្រតីភូរង ៦ ប្រភេទកីឡា និងលោក តាន់ វ័ន្តឆពណ្ណឬទ្ធិ ប្រធានអង្គភាព និងជាអនុប្រធានទទួលការងារពិនិត្យលើប្រតិភូ-ប្រតិភូរង ៦ ប្រភេទកីឡា ព្រមទាំងប្រតិភូ-ប្រតិភូរងបានចុះសំណេះសំណាលសួរសុខទុក្ខ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងថ្នាលបន្តវេន ដែលត្រៀមចូលរួមការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងកីឡាជាតិលើកទី៥។
លោក សែត វណ្ណាសិទ្ធ អគ្គលេខាធិការរង បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំតែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុមអត្តពលិកកម្ពុជាដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ លោកបានអំពាវនាវ ឲ្យកីឡាករ-កីឡាការិនីត្រូវតែរក្សាសុខភាព ឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ។

លោក ឡាច ច័ន្ទតារា អ្នកគ្រប់គ្រង និងគ្រូបង្វឹកធំនៃសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ និងជាគ្រូបង្វឹកកីឡាការ៉ាតេសមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ថ្ងៃនេះ លោក យិត ភីរៈ អគ្គលេខាធិការនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានជួបសំណោះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនី សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃដែលធ្វើការហ្វឹកហាត់ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន និងកីឡាជាតិលើកទី៥ ។

លោកគ្រូបង្វឹកកីឡាការ៉ាតេសមាគមកីឡាការ៉ាតេ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សាលាគុនសុរិយា ការ៉ាតេ-ដូ គឺជាន្លែងអភិឌ្ឍន ក្រុមកីឡាករ-កីឡាការិនីការ៉ាតេវ័យក្មេង ជំនាន់ក្រោយសម្រាប់កីប្រភេទកីឡាការ៉ាតេ-ដូ។ សាលាគុនសុរិយា តែងតែរៀបចំការប្រកួត ឲ្យវ័យក្មេងដែលជាសិស្សហ្វឹកហាត់ នៅសាលាគុនដើម្បីឲ្យកីឡាករ-កីឡាការិនី ការ៉ាតេ-ដូ វ័យក្មេងដកស្រង់បទពិសោធន៍ ដែលពួកក្មួយបានធ្វើការហ្វឹកហាត់កន្លងមក។ កីឡាករ -កីឡាការិនីរួមមានឆេង សុវណ្ណ
ថេង គឹមឈា ស៊ីម ស្រីនីន តក់ ពិចិត្រ ជ្រុន វិរៈបុត្រ ឆេង ច័ន្ទដារ៉ារតនៈ ញ៉ែម សុផលមុន្នី ហូ ហេង ជា ថារី
លី ចាន់វិបុត្រ មុំ សត្យា និង ផុន គិមស្រៀង៕
ដោយ៖លី ភីលីព






