Manchester៖ ក្លឹបបិសាចក្រហម Manchester United បានធ្វើឱ្យអ្នកគាំទ្រ ខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរបូតគ្រាប់បាល់ នាំមុខដល់ទៅ ២គ្រាប់ ហើយបណ្តោយឱ្យក្រុមភ្ញៀវ Brighton & Hove Albion វាយបកយកឈ្នះក្នុងលទ្ធផល ៣-២ នៅក្នុងការប្រកួតពានរង្វាន់ Carabao Cup ជុំទី៣ នៅកីឡដ្ឋាន Old Trafford។

ការចាប់ផ្តើមដ៏ល្អ Man United បាននាំមុខយ៉ាងលឿនត្រឹមតែ ១០នាទីដំបូង ដែលធ្វើសម្រេចដោយកីឡាករវ័យក្មេង Shea Lacey នៅនាទីទី៨ និង Mason Mount នៅនាទីទី១០។
ក្រុម Brighton បានវាយបកតាមពីក្រោយ និងយកឈ្នះយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Charalampos Kostoulas (នាទី៤៥), Pascal Groß (នាទី៦៥), និង Maxim De Cuyper (នាទី៧០)។
យោងតាមការចេញផ្សាយរបស់ ESPN ការបរាជ័យដ៏គួរឱ្យអាម៉ាស់ក្នុងទឹកដីខ្លួនឯងនេះ បានធ្វើឱ្យមានសំឡេងស្រែកហ៊ោចំអកយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជុំវិញកីឡដ្ឋាន ក្រោយពេលបញ្ចបការប្រកួត។
លទ្ធផលនេះបានបន្ថែមបន្ទុក និងសម្ពាធយ៉ាងធ្ងន់ធ្ងរ ដល់អ្នកចាត់ការទូទៅលោក Michael Carrick ខណៈដែលក្រុមបិសាចក្រហម ក៏កំពុងស្ថិតក្នុងទម្រង់លេងមិនសូវល្អក្នុងក្របខ័ណ្ឌ Premier League ផងដែរ ដោយរកបានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះពី ៤ប្រកួតដំបូង។
ស្ថានភាពនេះកាន់តែតានតឹង ដោយសារពួកគេទើបតែបរាជ័យក្រោមថ្វីជើង Man City ដែលមានភាពចម្រូងចម្រាសរឿង VAR ថ្មីៗនេះ។
លោក Carrick បានទទួលស្គាល់ថា ពិន្ទុ និងស្ថានភាពបច្ចុប្បន្នមិនមែន ជាអ្វីដែលក្លឹបចង់បាននោះទេ ហើយពួកគេត្រូវតែស្វែងរកជ័យជម្នះជាបន្ទាន់ដើម្បីស្តារស្ថានការណ៍ កសាងទម្លាប់នៃការឈ្នះ និងយកទំនុកចិត្តត្រលប់មកវិញ ។
ប្រែសម្រួល៖ គីរី
