ស៊ីដនី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ទន្លេមួយ ដែលជាទីជម្រករបស់សត្វក្រពើ ត្រូវបានស្ថាប័នគ្រប់គ្រង កីឡាអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ឲ្យក្លាយជាទីតាំងសម្រាប់ការប្រកួតកីឡាអុំទូក (Rowing) និងកីឡាអុំទូកកានូ (Canoeing) ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុង Brisbane ឆ្នាំ ២០៣២ បន្ទាប់ពីមានការវាយតម្លៃយ៉ាងល្អិតល្អន់ និងហ្មត់ចត់។
ទន្លេ Fitzroy នៅទីក្រុង Rockhampton ដែលស្ថិតនៅចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Brisbane (រដ្ឋធានីនៃរដ្ឋ Queensland និងជាទីក្រុងស្នូលនៃព្រឹត្តិការណ៍អូឡាំពិក) គឺជាជម្រើសមួយដែលបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង។ ទោះបីជាវាជាទីជម្រករបស់សត្វក្រពើទឹកប្រៃក៏ដោយ ក៏កង្វល់ចម្បងគឺផ្តោតលើលក្ខណៈបច្ចេកទេស និងភាពយុត្តិធម៌នៃការប្រកួតនៅទីតាំងនោះ។
ទន្លេនេះងាយនឹងជួបប្រទះបញ្ហាទឹកជំនន់ និងមានចរន្តទឹកខ្លាំងដែលអាចបង្កើតលក្ខខណ្ឌប្រកួតប្រជែងមិនស្មើភាពគ្នា ខណៈការកង្វះជម្រើសកន្លែងស្នាក់នៅសម្រាប់អត្តពលិក និងអ្នកទស្សនាក៏ជាបញ្ហាមួយផងដែរ។ មនុស្សរាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីស្នើសុំឲ្យផ្លាស់ប្តូរទីតាំងប្រកួតទៅកាន់កន្លែង ត្រូវបានសាងសង់ឡើងជាពិសេសសម្រាប់កីឡានេះ ដែលស្ថិតនៅជិតទីក្រុង Brisbane ជាង។
ប៉ុន្តែការវាយតម្លៃដោយឯករាជ្យមួយបានបញ្ជាក់ថា វាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់គោលបំណងនេះ ហើយវាត្រូវបានគាំទ្រដោយស្ថាប័នគ្រប់គ្រងកីឡាគឺ World Rowing និង Paddle Worldwide រួមជាមួយនឹងគណៈកម្មាធិការរៀបចំការប្រកួតកីឡាអូឡាំពិក។
លោក Jean-Christophe Rolland ប្រធានសហព័ន្ធ World Rowing បានមានប្រសាសន៍ថា ការធានានូវលក្ខខណ្ឌប្រកួតប្រជែងប្រកបដោយយុត្តិធម៌ និងសមភាពសម្រាប់អត្តពលិក គឺជាកត្តាជំរុញឲ្យមានការស្នើសុំការវាយតម្លៃ យ៉ាងល្អិតល្អន់ និងហ្មត់ចត់បានពិនិត្យលើលំហូរទឹកទន្លេ កម្រិតទឹក និងលក្ខខណ្ឌខ្យល់ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
លោកបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្អែកលើការវិភាគយ៉ាងទូលំទូលាយដែលបានធ្វើឡើង ឥឡូវនេះយើងដឹងថាទន្លេ Fitzroy មានលទ្ធភាពផ្តល់នូវលក្ខខណ្ឌប្រកួតប្រជែងប្រកបដោយយុត្តិធម៌ក្នុងអំឡុងពេលនៃការប្រកួត ដែលស្របតាមតម្រូវការនៃកីឡាអុំទូក (Rowing) សម្រាប់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក។
លោក Thomas Konietzko ប្រធានសហព័ន្ធ Paddle Worldwide ក៏បានបង្ហាញពីភាពរីករាយ និងទំនុកចិត្តដូចគ្នាដែរ។លោកបានបន្តថា គុណភាព និងភាពស៊ីជម្រៅនៃការងារបច្ចេកទេសដែលបានអនុវត្ត បានធ្វើឱ្យការយល់ដឹងរបស់យើងអំពីទីលានប្រកួតមានភាពប្រសើរឡើងយ៉ាងខ្លាំង ហើយវាផ្តល់ទំនុកចិត្តដល់យើង និងអត្តពលិក របស់យើងថា ទីតាំងនេះអាចផ្តល់នូវការប្រកួតប្រជែង ប្រកបដោយយុត្តិធម៌សម្រាប់អត្តពលិកកីឡាអុំទូកកានូប្រភេទ Sprint៕
