ប៉ារីស៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កីឡាករយូដូឆ្នើមរបស់បារាំង Teddy Riner មានបំណងបញ្ចប់អាជីពដ៏អស្ចារ្យ របស់លោកដោយដណ្តើមមេដាយមាសលើប្រភេទកីឡាយូដូ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨ នៅអាមេរិក។
នៅពេលនោះ កីឡាករប្រភេទធ្ងន់ដែលមានកម្ពស់ ២,០៤ ម៉ែត្ររូបនេះនឹងមានអាយុ ៣៩ ឆ្នាំ ហើយប្រសិនបើលោកអាចឆ្លងកាត់វគ្គជម្រុះបាន វានឹងក្លាយជាការចូលរួមប្រកួតអូឡាំពិកលើកទី ៦ និងជាលើកចុងក្រោយរបស់គាត់។
លោក Riner បាននិយាយកាលពីថ្ងៃពុធថា ពិតណាស់ នោះគឺជាគោលដៅមួយ ខ្ញុំគិតថា រហូតមកដល់ពេលនេះ ខ្ញុំបានបង្ហាញឲ្យឃើញថា រាល់ពេលដែលខ្ញុំចូលរួមក្នុងការប្រកួត គឺដើម្បីឈរនៅចំណុចកំពូលនៃវេទិកាជ័យលាភី ដើម្បីទទួលបានមេដាយដ៏ល្អបំផុត។ ប្រសិនបើខ្ញុំប្តេជ្ញាចិត្តធ្វើអ្វីមួយ គឺដើម្បីឈ្នះតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ កីឡាករដែលធ្លាប់គ្រងតំណែងជើងឯកពិភពលោក ១១ សម័យកាលរូបនេះ ត្រូវបានដកចេញពីបញ្ជីឈ្មោះសម្រាប់ការប្រកួតជើងឯកពិភពលោកនៅទីក្រុង Baku នាខែក្រោយ ដោយសារបញ្ហារបួសស្មាខាងស្តាំដែលនៅតែបន្តរំខាន។
លោក Riner បាននិយាយនៅកីឡដ្ឋាន Parc des Princes បន្ទាប់ពីបានចូលរួមជាមួយក្លឹបយូដូរបស់ Paris Saint-Germain វិញក្រោមលក្ខខណ្ឌកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨ ថា ខ្ញុំកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជាសះស្បើយពីរបួសនេះ។ ពិតណាស់ យើងត្រូវតែមានការអត់ធ្មត់ ព្រោះវាជាផ្នែកមួយនៃការក្លាយជាកីឡាករកម្រិតកំពូល»។
កីឡាករ Riner បានបន្តថា ទោះបីជាលោកមានអារម្មណ៍ថា ស្មារបស់លោកមានសភាពមិនសូវស្រួលបន្តិចនៅពេលនេះ ក៏ដោយ ក៏លោកមានទំនុកចិត្តថា លោកនឹងជាសះស្បើយឡើងវិញបានល្អ។ លោកមិនមែនជាមនុស្សដែលមាន ការអត់ធ្មត់ខ្លាំង នោះទេ ប៉ុន្តែលោកកំពុងព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាមនុស្សបែបនោះ។
លោកបានបន្ថែមថា យើងមានវិធីសាស្ត្រព្យាបាលថ្មីមួយ ហើយខ្ញុំសង្ឃឹមថាវានឹងទទួលបានលទ្ធផលល្អ។ ប្រសិនបើវាមិនដំណើរការទេ នៅមានវិធីសាស្ត្រទីបីទៀត។ សម្រាប់ពេលនេះ អ្វីៗកំពុងដំណើរការទៅក្នុងផ្លូវត្រូវហើយ។ ដូចដែលខ្ញុំបាននិយាយអញ្ចឹង ខ្ញុំមានសុទិដ្ឋិនិយម ព្រោះខ្ញុំធ្លាប់បានវះកាត់ស្មានេះកាលពីឆ្នាំ ២០១៣ ហើយរហូតមកដល់ពេលនេះវាមានភាពរឹងមាំល្អ។ វាបានជួយឱ្យខ្ញុំឈ្នះមេដាយដ៏ល្អបំផុត និងទទួលបានជោគជ័យដូចអ្វីដែលយើងបានជួបប្រទះនៅទីក្រុងប៉ារីសឆ្នាំ ២០២៤៕
