ទីក្រុង Nagoya ៖ កាលពីថ្ងៃអាទិត្យ អ្នកស្រី Kirsty Coventry ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានចុះពិនិត្យផ្ទះឈើ ដែលជាកន្លែងស្នាក់នៅ សម្រាប់អត្តពលិកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា Asian Games នៅទីក្រុង Nagoya ប្រទេសជប៉ុន ហើយទោះបីជាមានការរិះគន់ ពីអត្តពលិកមួយចំនួនក៏ដោយ អ្នកស្រីបាននិយាយថា ខ្លួនពិតជាពេញចិត្តយ៉ាងខ្លាំង។
គណៈកម្មការរៀបចំរបស់ជប៉ុនសម្រាប់ព្រឹត្តិការណ៍ Asian Games បានរៀបចំកន្លែងស្នាក់នៅសម្រាប់អត្តពលិកនៅលើនាវាទេសចរណ៍ សណ្ឋាគារ និងផ្ទះឈើ។ មានអត្តពលិកយ៉ាងហោចណាស់ ១១,០០០នាក់កំពុងចូលរួម ទោះបីជាចំនួននេះអាចនឹងកើនឡើងដល់ប្រហែល ១២,០០០នាក់ក៏ដោយ។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងប៉ារីសឆ្នាំ ២០២៤ មានអត្តពលិកចូលរួមប្រហែល ១០,៧០០នាក់។
គណៈកម្មការរៀបចំរបស់ជប៉ុន មិនទាន់បានផ្តល់តួលេខផ្លូវការនៅឡើយទេ ខណៈព្រឹត្តិការណ៍កីឡានេះ បានចាប់ផ្តើមដំណើរការ រយៈពេលពីរសប្តាហ៍កាលពីថ្ងៃអាទិត្យ ។ ភាគីជប៉ុនបានសម្រេចចិត្តមិនសាងសង់ភូមិអត្តពលិកដាច់ដោយឡែកមួយនោះទេ ដែលជាវិធានការមួយដើម្បីគ្រប់គ្រង ការចំណាយ បន្ទាប់ពីជប៉ុនបានចំណាយប្រាក់ចំនួន ១៣ពាន់លានដុល្លារជាផ្លូវការ លើព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានពន្យារពេលមួយឆ្នាំដោយសារតែជំងឺរាតត្បាតរហូតដល់ឆ្នាំ ២០២១។
អ្នកស្រី Coventry បាននិយាយថា ផ្ទះឈើនៅទីនេះពិតជាល្អណាស់ ហើយវាមានលក្ខណៈតូចចង្អៀតបន្តិច ដូច្នេះប្រសិនបើអ្នកចង់រកចំណុចអវិជ្ជមាន គឺវាមានទំហំតូចជាងធម្មតា ប៉ុន្តែខ្ញុំមិនគិតថាវាជារឿងអវិជ្ជមាននោះទេ ខ្ញុំពិតជាចូលចិត្តភូមិកីឡានេះណាស់។
អ្នកស្រី Coventry ជាអត្តពលិក ហែលទឹកធ្លាប់ឈ្នះមេដាយមាសអូឡាំពិកចំនួន ២ លើក (ឆ្នាំ ២០០៤ និង ២០០៨) និងជាអតីតមន្ត្រីកីឡា នៅប្រទេសកំណើតរបស់លោកស្រី គឺហ្ស៊ីមបាវ៉េ។ អ្នកស្រីបានឡើងកាន់តំណែងជាប្រធាន IOC កាលពី ១៥ខែមុន បន្ទាប់ពីអាណត្តិរបស់លោក Thomas Bach បានបញ្ចប់។
អ្នកស្រីបានបន្ថែមថា ខ្ញុំតែងតែមើលឃើញពីភាពវិជ្ជមាន នៃការដែលអត្តពលិកបានស្នាក់នៅជុំគ្នា ព្រោះខ្ញុំគិតថាវាជាផ្នែកមួយ នៃបទពិសោធន៍ដែលអ្នកមិនអាចរកបាននៅកន្លែងផ្សេងទៀត។ ប៉ុន្តែផ្ទះឈើទាំងនោះមានភាពស្ងប់ស្ងាត់ មានបរិយាកាសត្រជាក់ល្អ ប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការ បានល្អ ហើយកម្រាលឥដ្ឋនិងជញ្ជាំងក៏ស្រស់ស្អាតផងដែរ ។ វាល្អប្រសើរជាងភូមិកីឡាមួយចំនួន ដែលខ្ញុំធ្លាប់បានស្នាក់នៅពីមុនមក។
អ្នកស្រី Coventry បានចូលរួមក្នុងពិធីបើកកាលពីថ្ងៃសៅរ៍ ដែលមានព្រះចៅអធិរាជ Naruhito ជាអ្នកប្រកាសបើកព្រឹត្តិការណ៍ជាផ្លូវការ និងលោក Sheikh Joaan Hamad Al Thani ប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី ជាអ្នកថ្លែងសុន្ទរកថាបើក។ ព្រឹត្តិការណ៍ Asian Games នឹងដំណើរការរហូតដល់ថ្ងៃទី ៤ ខែតុលា។ នេះគឺជាព្រឹត្តិការណ៍លើកទី ២០ ដោយព្រឹត្តិការណ៍លើកដំបូងត្រូវបានធ្វើឡើងនៅទីក្រុង៕
