កីឡា

ក្រុមបាល់ទាត់នារីវៀតណាម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត បន្ទាប់ពីទម្លាក់ថៃ ចេញពីការប្រកួតកីឡាអាស៊ី

ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់នារីជម្រើសជាតិវៀតណាម បានទទួលប្រាក់រង្វាន់ពីសហព័ន្ធ កីឡាបាល់ទាត់ជាតិ បន្ទាប់ពីពួកគេទទួលបានកៅអីទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅប្រទេសជប៉ុន តាមរយៈលទ្ធផលស្មើគ្នាជាមួយគូប្រជែងក្នុងតំបន់គឺប្រទេសថៃ។

ក្រុមនេះបានឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃកីឡាអាស៊ីជាលើកទី ៣ប្រវត្តិសាស្ត្រ បន្ទាប់ពីប្រកួតស្មើគ្នាដោយលទ្ធផលស្មើ ០ ទល់នឹង០ ជាមួយក្រុមបាល់ទាត់នារីជម្រើសជាតិថៃក្នុងពូល E នៅកីឡដ្ឋាន Nagai ក្នុងទីក្រុង Osaka ប្រទេសជប៉ុន។

នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាមួយនឹងលទ្ធផលទទួលបាន ១ ពិន្ទុពីការប្រកួតចំនួន ៣ ក្នុងវគ្គចែកពូល ក្រុមនេះបានឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលជាប់ចំណាត់ថ្នាក់លេខ ៣ ល្អបំផុតទាំង២។ ដើម្បីទទួលស្គាល់សមិទ្ធផលនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានផ្តល់ប្រាក់រង្វាន់ចំនួន ៥០០ លានដុង (ស្មើនឹង ១៩,២២០ ដុល្លារអាមេរិក) ដល់ក្រុមនេះ ។

ក្រោយចប់ការប្រកួត លោក Tran Quoc Tuan ប្រធានសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមចំពោះទម្រង់លេងរបស់ពួកគេ។ មន្ត្រីសហព័ន្ធក៏បានណែនាំឲ្យកីឡាករថែរក្សាសុខភាព រក្សាការផ្តោតអារម្មណ៍ខ្ពស់ និងត្រៀមខ្លួនឲ្យបានល្អបំផុតសម្រាប់ការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រទល់នឹងក្រុមចិន គ្រោងនឹងធ្វើឡើងនៅម៉ោង ១ រសៀល ថ្ងៃទី ២៥ ខែកញ្ញា នៅកីឡដ្ឋាន Nagai។

គ្រូបង្វឹកលោក Hoang Van Phuc បានទទួលស្គាល់ថា បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៣ លើកក្នុងវគ្គចែកពូល ក្រុមវៀតណាមរកបានគ្រាប់បាល់តែមួយគ្រាប់ប៉ុណ្ណោះ។ ក្រុមនៅតែមានចំណុចខ្សោយត្រង់តំបន់ប្រយុទ្ធ។

គ្រូបង្វឹកវ័យ ៦១ ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានថា យើងចាំបាច់ត្រូវធ្វើការកែលម្អមួយចំនួន ជាពិសេសលើផ្នែកប្រយុទ្ធ និងតុល្យភាពរវាងការវាយលុក និងការការពារ។ ការប្រកួតបន្ទាប់ៗទៀតដែលត្រូវជួបជាមួយគូប្រកួតខ្លាំងៗ យើងនឹងខិតខំកែលម្អ និងស្វែងរកគ្រាប់បាល់ឲ្យបាន៕

Most Popular

To Top