បរទេស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់ អន្តរជាតិ (FIFA) លោក Gianni Infantino បានរៀបរាប់លម្អិតពីផែនការ កែទម្រង់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះ នៅក្នុងលិខិតមួយដែលផ្ញើជូនសមាគមសមាជិកទាំង ២១១ និងសមាជិកក្រុមប្រឹក្សា FIFA នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Press Association។
លោក Infantino កំពុងរងសម្ពាធយ៉ាងខ្លាំង ឱ្យចុះចេញពីតំណែង បន្ទាប់ពីលោកត្រូវបានបង្ខំឱ្យបោះបង់ ចោលផែនការលក់ភាគហ៊ុន ២០% នៃព្រឹត្តិការណ៍ប្រកួតនានារបស់ FIFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោក (World Cup) ទៅឱ្យវិនិយោគិនឯកជន ។
សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) បាននាំមុខគេក្នុងការទាមទារឱ្យលោក Infantino ចុះចេញពីតំណែង ស្របពេលដែលមានការប្រឆាំងបន្ថែមពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង អាមេរិកកណ្តាល និងការីប៊ីន (CONCACAF) ផងដែរ។
ទោះបីជាមានភាពចម្រូងចម្រាសជុំវិញភាពជាអ្នកដឹកនាំរបស់លោកក៏ដោយ បុរសជនជាតិស្វីសវ័យ ៥៦ឆ្នាំរូបនេះ បានបញ្ជាក់សារជាថ្មីពីបំណងឈរឈ្មោះបោះឆ្នោតឡើងវិញ ដោយអះអាងថាលោកនៅតែមាន “ការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដឹកនាំស្ថាប័ន FIFA”។
នៅក្នុងលិខិតនោះ លោកបានសរសេរថា៖ «ការប្រព្រឹត្តចំពោះសមាគមណាមួយ នឹងមិនអាស្រ័យលើជំហររបស់ពួកគេចំពោះសំណើ ឬបញ្ហាស្ថាប័នណាមួយឡើយ។ ខ្ញុំនៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដឹកនាំស្ថាប័ន FIFA និងមានទំនុកចិត្តលើអ្វីដែលយើងអាចសម្រេចបានរួមគ្នា»។
ក្នុងលិខិតដែលបានផ្ញើកាលពីថ្ងៃចន្ទ ដែលបណ្តាញសារព័ត៌មានជាច្រើនទទួលបាន លោក Infantino បានស្នើឱ្យមានការពិគ្រោះយោបល់ជាមួយសមាគមសមាជិក ដើម្បីកែទម្រង់ដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ថាប័ន។
លោកបានបញ្ជាក់ពីចំណុចសំខាន់ៗរួមមាន៖ លោកនឹងស្នើសុំក្រុមប្រឹក្សាថា តើចង់ឱ្យមានការវាយតម្លៃឯករាជ្យពីអ្នកជំនាញខាងក្រៅ លើក្របខ័ណ្ឌអភិបាលកិច្ចបច្ចុប្បន្នរបស់ FIFA សម្រាប់គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសំខាន់ៗ និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អដែរឬទេ។
លោកនឹងស្នើឱ្យក្រុមប្រឹក្សាបង្កើតការពិគ្រោះយោបល់ផ្ទាល់ មានរចនាសម្ព័ន្ធច្បាស់លាស់ និងមានកំណត់ពេលវេលា ជាមួយសហព័ន្ធ សមាគមសមាជិក និងភាគីពាក់ព័ន្ធ ជុំវិញវិធីសាស្ត្រក្នុងការពង្រឹងការធ្វើសេចក្តីសម្រេចចិត្តរបស់ FIFA។
ការពិគ្រោះយោបល់នេះ នឹងអញ្ជើញឱ្យមានការដាក់សំណើជាក់លាក់ស្តីពីការចូលរួមរបស់ស្ថាប័ន តួនាទីរៀងៗខ្លួនរបស់ប្រធាន ការិយាល័យ ក្រុមប្រឹក្សា និងសមាជ ព្រមទាំងវិធីសាស្ត្រជាក់ស្តែង ដើម្បីពង្រឹងតម្លាភាព ការចូលរួម និងគណនេយ្យភាព នៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រសំខាន់ៗ។
ជាចុងក្រោយ លោក Infantino ដែលបានប្រកាសពីផែនការវិនិយោគឯកជនកាលពីខែកក្កដា បានបន្ថែមយ៉ាងច្បាស់ថា «ដំណើរការប្រជាធិបតេយ្យ ឯករាជ្យភាព និងសិទ្ធិអំណាចផ្នែកកីឡារបស់ស្ថាប័ន FIFA គឺមិនមែនសម្រាប់ដាក់លក់នោះទេ»។
ប្រែសម្រួល៖ គីរី
