បរទេស៖ យោងតាមគណៈកម្មការឯករាជ្យ របស់ក្របខណ្ឌ Premier League ក្លឹប Manchester City ត្រូវបានរកឃើញថា មានកំហុសជុំវិញការបំប៉ោងប្រាក់ចំណូល និងកាត់បន្ថយការចំណាយ តាមរយៈកិច្ចព្រមព្រៀងឧបត្ថម្ភ “ក្លែងបន្លំ” (ជាពាក្យដែលលីគបានប្រើប្រាស់ដោយផ្ទាល់) កិច្ចសន្យាសិទ្ធិរូបភាពដែលទាក់ទងនឹងក្រុមហ៊ុនមិនពិត និងការទូទាត់ប្រាក់ក្រៅបញ្ជីរាយនាម នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ។
ការបិទបាំងរបាយការណ៍ហិរញ្ញវត្ថុជាង ៩០០ លានផោន
ការរាយការណ៍បំប៉ោងនេះ បានអនុញ្ញាតឱ្យពួកគេបិទបាំង ទឹកប្រាក់ជាង ៩០០ លានផោន (១,១៨ ប៊ីលានដុល្លារ) ថាជាចំណូលពាណិជ្ជកម្មស្របច្បាប់ក្នុងរយៈពេល ៩ ឆ្នាំ។
ផ្ទុយទៅវិញ វាមិនមានអ្វីក្រៅពីការដែលម្ចាស់ក្លឹបគឺក្រុមហ៊ុន Abu Dhabi United Group (ADUG) បានទាញយកថវិកាពីហោប៉ៅគ្រួសាររបស់ខ្លួននោះទេ។ តាមរយៈសកម្មភាពនេះ ពួកគេបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ចីរភាពហិរញ្ញវត្ថុ (Financial Sustainability) ដែលបានដាក់ចេញដោយ Premier League និង UEFA—ដែលជាបទប្បញ្ញត្តិដែលពួកគេធ្លាប់បានគាំទ្រជាសាធារណៈ។
ក្នុងចំណោមការចោទប្រកាន់ជាង ១០០ ករណី ពួកគេក៏ត្រូវបានរកឃើញថាមានកំហុសពាក់ព័ន្ធនឹង ការក្លែងបន្លំគណនេយ្យហិរញ្ញវត្ថុ ដែលជារឿងជៀសមិនរួចនៅពេលដែលមានការរាយការណ៍ខុសអំពីប្រភព និងទំហំនៃប្រាក់ចំណូល។
ជារួម នេះគឺជាការរកឃើញកំហុសដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ។
បន្ទាប់ពីព័ត៌មាននៃការរកឃើញកំហុសនេះបានបែកធ្លាយកាលពីថ្ងៃសុក្រ (មុនពេលប្រកាសជាផ្លូវការ) ប្រធានក្លឹប Man City លោក Khaldoon Al-Mubarak បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ ដោយលើកឡើងថា “ទំនុកចិត្ត និងការប្តេជ្ញាចិត្តរបស់យើងក្នុងការបង្ហាញពីភាពស្អាតស្អំរបស់ក្លឹប នៅតែរឹងមាំដូចកាលពីពេលដែលរឿងនេះចាប់ផ្តើមដំបូងអញ្ចឹង”។
លោកក៏បានលើកឡើងផងដែរអំពី “ភស្តុតាងដែលមិនអាចប្រកែកបាន” ដែលចំណុចនេះស្តាប់ទៅហាក់មានភាពរអាក់រអួល នៅពេលដែលលោកដឹងថាវាត្រូវបានច្រានចោលរួចទៅហើយកាលពី ៤៨ ម៉ោងមុនដោយគណៈកម្មការឯករាជ្យ។
ក្លឹប Man City មានសិទ្ធិប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះត្រឹមថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែគួរកត់សម្គាល់ថា នឹងមិនមានភស្តុតាងថ្មីណាមួយអាចត្រូវបាននាំយកមកបង្ហាញជាផ្នែកមួយនៃដំណើរការប្តឹងឧទ្ធរណ៍នោះទេ។
ប្រែសម្រួល៖ គីរី
