បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ លោក Luis de la Fuente បានកោតសរសើរចំពោះ “វេទមន្ត” របស់ខ្សែប្រយុទ្ធស្លាប Lamine Yamal បន្ទាប់ពីរូបគេស៊ុតបញ្ចូលទី ២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម (Assist) ១ដង ក្នុងការប្រកួតដែលអេស្ប៉ាញយកឈ្នះក្រូអាតក្នុងលទ្ធផល ៤-១ នៃព្រឹត្តិការណ៍ UEFA Nations League កាលពីថ្ងៃអង្គារ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

ជ័យជម្នះនេះបានជួយឱ្យក្រុមការពារតំណែងជើងឯកមួយនេះ បន្តកំណត់ត្រាមិនដែលចាញ់សោះ ៤០ប្រកួតជាប់ៗគ្នា។
តារាឆ្នើមរបស់ក្លឹប Barcelona រូបនេះ បានស៊ុតបើកឆាកយ៉ាងលឿននៅនាទីទី២ (វិនាទីទី៧០) នៅឯកីឡដ្ឋាន Sánchez Pizjuán ក្នុងទីក្រុង Seville។
ចូលដល់នាទីទី៣០ Yamal បានបញ្ជូនបាល់យ៉ាងល្អឱ្យកីឡាករ Marc Pubill ស៊ុតគ្រាប់ទី២ (២-១) មុនពេលគេបន្ថែមគ្រាប់ទី៣ របស់ខ្លួននៅនាទីទី៦៣ ដោយស៊ុតបោកបញ្ឆោតអ្នកចាំទី Dominik Livakovic ដែលត្រូវជាមិត្តរួមក្រុមក្លឹប Barca របស់ខ្លួន។ ចំណែកគ្រាប់បាល់ទី៤ ជាការធ្វើបានសម្រេចដោយកីឡាករបម្រុង Nico Williams នៅចុងម៉ោង។
លោក De la Fuente បានប្រាប់ទូរទស្សន៍ TVE ថា “Lamine ចង់បង្ហាញពិភពលោកពីសមត្ថភាពពិតរបស់គេ។ យើងពិតជាសប្បាយចិត្តជាមួយគេណាស់។ អត្តចរិតដ៏រាបទាបរបស់គេ ធ្វើឱ្យគេកាន់តែអស្ចារ្យ។”
គ្រូបង្វឹករូបនេះបានបន្ថែមថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះការបញ្ជូនបាល់របស់ Yamal៖ “ថ្ងៃនេះយើងបានឃើញវេទមន្តរបស់គេម្តងទៀត ប៉ុន្តែគេបានប្រើប្រាស់វេទមន្តនោះដើម្បីបម្រើដល់ក្រុមទាំងមូល។ នេះបញ្ជាក់យ៉ាងច្បាស់ពីភាពជាកីឡាកររបស់គេ ហើយថ្ងៃអនាគត គេនឹងកាន់តែល្បីល្បាញដោយសារការលេងជាក្រុមបែបនេះ។ យើងពិតជាមានសំណាងដែលមានគេ ហើយគេក៏ទទួលបានក្តីស្រឡាញ់យ៉ាងខ្លាំងពីសមាជិកក្នុងក្រុម។”
គិតត្រឹមពេលនេះ Yamal ចូលរួមចំណែក រកបាន ១៨គ្រាប់ (ស៊ុតចូល ១១ និង Assist ៧) ក្នុង ៨ប្រកួតចុងក្រោយ សម្រាប់ទាំងក្លឹប និងជម្រើសជាតិ។ Yamal បានលើកឡើងថា ការធ្លាប់ហ្វឹកហាត់ជាមួយគ្នា បានជួយឱ្យគេដឹង ពីទម្លាប់របស់អ្នកចាំទី Livakovic ទើបជួយឱ្យគេអាចស៊ុតគ្រាប់ទី២ បានសម្រេច។ គេក៏បានសម្តែងក្តីរំភើប ដែលបាននាំយកពានរង្វាន់ World Cup មកបង្ហាញអ្នកគាំទ្រនៅទីក្រុង Seville ផងដែរ។
ក្រោយជួយ Barca ឈ្នះពាន LaLiga និងជួយអេស្ប៉ាញឈ្នះ World Cup ពេលនេះ Yamal គឺជាបេក្ខភាពដ៏លេចធ្លោមួយរូបសម្រាប់ការប្រជែងពានរង្វាន់បុរស Ballon d’Or ឆ្នាំ២០២៦ ដែលនឹងត្រូវប្រកាសនៅខែក្រោយ បន្ទាប់ពីរូបគេធ្លាប់ទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០២៥។ នៅពេលអ្នកកាសែតសួរថា តើទម្រង់លេងទល់នឹងក្រូអាតស័ក្តិសមនឹងឈ្នះពាននេះឬទេ Yamal បានឆ្លើយលេងសើចថា “មួយទៀតហើយ។”
សម្រាប់ការប្រកួតបន្ទាប់ក្នុងព្រឹត្តិការណ៍ Nations League អេស្ប៉ាញនឹងត្រូវជួប សាធារណរដ្ឋឆែក នៅថ្ងៃទី៣ ខែតុលា មុនពេលបិទបញ្ចប់ការប្រកួតអន្តរជាតិរបស់ខ្លួន ដោយត្រូវប៉ះ ក្រូអាត ម្ដងទៀតនៅថ្ងៃទី៦ ខែតុលា។
ប្រែសម្រួល៖ គីរី
