ភ្នំពេញ ៖ លោកកែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះបានអញ្ជើញជាអធិបតី ក្នុងឱកាសពិធីបិទសិក្ខាសាលាស្តីពី “ការអភិវឌ្ឍគោលការណ៍ណែនាំអប់រំកាយប្រកបដោយបរិយាបន្ន” ជាសកម្មភាពដ៏មានសារសំខាន់មួយ ក្នុងការលើកកម្ពស់គុណភាពអប់រំកាយ និងកីឡា រៀបចំដោយ អគ្គនាយកដ្ឋានកីឡាសហការជាមួយអង្គការ មិនមែនរដ្ឋាភិបាលបេះដូងមាស ។

ក្នុងពិធីបិទខាងលើនេះនេះក៏មានអញ្ជើញចូលរួមពីសំណាក់លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក NISHIYAMA Naoki អគ្គលេខាធិការអង្គការបេះដូងមាស កញ្ញា យ៉ូណេយ៉ាម៉ា ហារុកៈ ប្រធានអង្គការមិនមែនរដ្ឋាភិបាលបេះដូងមាសប្រចាំកម្ពុជា និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ ដែលប្រព្រឹត្តិទៅនៅសាលប្រជុំនាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិតក្នុងពហុកីឡដ្ឋានជាតិ រៀបចំដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា។

លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំសិក្ខាសាលា ក្រុមការងារបច្ចេកទេស គ្រូឧទ្ទេស អ្នកជំនាញ អង្គការដៃគូ និងសិក្ខាកាមទាំងអស់ បានខិតខំប្រឹងប្រែងចូលរួមចែករម្លែក ចំណេះដឹង បទពិសោធន៍ និង យោបល់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ គោលការណ៍ណែនាំអប់រំកាយ ប្រកបដោយបរិយាបន្នឱ្យមានគុណភាព និងអាចអនុវត្តបានជាក់ស្តែង។

គោលគំនិត និងសារៈសំខាន់នៃអប់រំកាយប្រកបដោយបរិយាបន្ន សិទ្ធិ និងឱកាសចូលរួមរបស់សិស្សគ្រប់រូបក្នុងមេរៀនអប់រំកាយ និងសកម្មភាពកីឡាវិធីសាស្ត្រកែសម្រួលមេរៀន សកម្មភាព ឧបករណ៍ និងការវាយតម្លៃឱ្យសមស្របតាមសមត្ថភាពរបស់សិស្ស ការរៀបចំបរិស្ថានសិក្សាដែលមានសុវត្ថិភាព ងាយស្រួលចូលប្រើប្រាស់ និងមិនមានការរើសអើង តួនាទីរបស់គ្រូ អ្នកគ្រប់គ្រងសាលារៀន អាណាព្យាបាល សហគមន៍ និងដៃគូអភិវឌ្ឍន៍ ក្នុងការគាំទ្រអប់រំកាយប្រកបដោយបរិយាបន្ន។

លោក រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា លោកជឿជាក់ថា លទ្ធផលនៃសិក្ខាសាលានេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់ សម្រាប់ក្រុមការងារបច្ចេកទេស យកទៅពិនិត្យ កែសម្រួល និងបំពេញបន្ថែមលើសេចក្តីព្រាងគោលការណ៍ណែនាំឲ្យមានភាពច្បាស់លាស់ សមស្របទៅនឹងបរិបទកម្ពុជា និងអាចជួយដល់គ្រូបង្រៀនក្នុងការអនុវត្តបានប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ថា ការអភិវឌ្ឍឯកសារគោលការណ៍ណែនាំ គឺជាជំហានដំបូងប៉ុណ្ណោះ ។ ភាពជោគជ័យពិតប្រាកដ នឹងត្រូវវាស់វែងតាមរយៈការអនុវត្ត ជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា និងតាមរយៈការធានាថា សិស្សគ្រប់រូបអាចចូលរួមក្នុងសកម្មភាពអប់រំកាយ និងកីឡាបានដោយសុវត្ថិភាព មានភាពរីករាយ និងមានឱកាសអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។

អប់រំកាយ និងកីឡា មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍសុខភាពរាងកាយ សុខភាពផ្លូវចិត្ត សមត្ថភាពសង្គម វិន័យ សីលធម៌ ស្មារតីសហការ និងជំនាញជីវិតរបស់សិស្សានុសិស្ស។ ដូច្នេះ អប់រំកាយមិនគួរត្រូវបានចាត់ទុកថា ជាមុខវិជ្ជាសម្រាប់តែសិស្សដែលមានសមត្ថភាពរាងកាយល្អ ឬសិស្សដែលចូលចិត្តកីឡាប៉ុណ្ណោះទេ។ អប់រំកាយប្រកបដោយបរិយាបន្ន ត្រូវធានាឲ្យសិស្សគ្រប់រូប រួមទាំងសិស្សមានពិការភាព សិស្សដែលមានតម្រូវការអប់រំពិសេស សិស្សដែលមានសមត្ថភាពរាងកាយខុសៗគ្នា និងសិស្សមកពីស្ថានភាពសង្គម ឬតំបន់ភូមិសាស្ត្រផ្សេងៗ អាចទទួលបានឱកាសចូលរួមដោយស្មើភាព។

លោក កែ ប៊ុនខៀង បានបញ្ជាក់ថា ក្នុងន័យនេះ គ្រូអប់រំកាយត្រូវផ្លាស់ប្តូរពីការបង្រៀនដែលផ្តោតលើលទ្ធផលតែមួយ ទៅជាការបង្រៀន ដែលផ្តោតលើការចូលរួម ការរីកចម្រើន និងសមត្ថភាពរបស់សិស្សម្នាក់ៗ។ គ្រូត្រូវចេះកែសម្រួលច្បាប់លេង ទំហំទីលាន ឧបករណ៍ កម្រិតលំបាក ពេលវេលា និងវិធីវាយតម្លៃ ដើម្បីឲ្យសិស្សគ្រប់រូបអាចចូលរួមបាន។យើងទាំងអស់គ្នាត្រូវធ្វើឱ្យថ្នាក់អប់រំកាយ ក្លាយជាកន្លែងដែលសិស្សមានអារម្មណ៍ថា ខ្លួនមានសុវត្ថិភាព មានតម្លៃ មានការគោរព និងមានសិទ្ធិចូលរួម ដោយគ្មានការរើសអើង ឬការបង្អាប់ចំពោះភាពខុសគ្នារបស់ខ្លួន។ យើងទាំងអស់គ្នាត្រូវចងចាំថា អប់រំកាយប្រកបដោយបរិយាបន្ន គឺជាការវិនិយោគលើសុខភាព សមត្ថភាព សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារ និងយុវជនគ្រប់រូប។ វាជាមូលដ្ឋានសម្រាប់កសាងធនធានមនុស្សដែលមានសុខភាពល្អ មានវិន័យ មានសីលធម៌ មានសមត្ថភាព និងមានស្មារតីសាមគ្គីភាព៕




