កណ្តាល៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងទទួលបន្ទុកនាយបេសកកម្មកីឡាអាស៊ី របស់កម្ពុជាបានដឹកនាំប្រតិភូកីឡាកម្ពុជា ចុងក្រោយគេបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតតេជោ ខេត្តកណ្តាល បន្ទាប់ពីបានចូលរួមការប្រកួតកីឡាអាស៊ី (ASIAN GAMES) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន ក្រោយដំណើរការពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រតិភូកីឡាកម្ពុជាដឹកនាំដោយលោក លី កុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គហេរញ្ញិក NOCC តំណាងលោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC បានចូលរួមពិធីបិទជាផ្លូវការកីឡាអាស៊ី កាលពីថ្ងៃទី០៤ ខែតុលា។ ក្នុងនាមប្រតិភូកីឡាកម្ពុជា លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលតែងតែ បានយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់ប្រតិភូកីឡាកម្ពុជា តាំងពីពេលមុនចេញដំណើរ ដោយធ្វើឲ្យអត្តពលិកកម្ពុជា បំបែកកំណត់ត្រាចំនួនមេដាយច្រើនជាងការប្រកួតកីឡាអាស៊ី លើកមុន ដោយដណ្តើមបានមេដាយសំរឹទ្ធ ៤គ្រឿងជូនជាតិ ដោយឈរនៅចំណាត់ថ្នាក់លេខរៀងទី ៣៥ ក្នុងចំណោម៤៥ប្រទេសចូលរួមប្រកួតប្រជែងកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ សម្រាប់ការប្រកួតកីឡាអាស៊ី លើកទី២១ ជាព្រឹត្តិការណ៍៤ឆ្នាំបន្ទាប់ គឺនៅឆ្នាំ២០៣០ នៅទីក្រុងដូហា ប្រទេសកាតានឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះបន្តវេនម្តង។

លោកនាយបេសកកម្មបន្ថែមថា នេះជាជោគជ័យថ្មីមួយបន្ថែមទៀត ដែលប្រតិភូកីឡាកម្ពុជាបានបំបែក កំណត់ត្រាមេដាយសំរឹទ្ធិ ៤គ្រឿង ច្រើនជាងការប្រកួតកីឡាអាស៊ី កាលពី៤ឆ្នាំមុន នៅទីក្រុងហានចូវ ប្រទេសចិន ដែលទទួលបានត្រឹមមេដាយសំរឹទ្ធិ១គ្រឿងប៉ុណ្ណោះ។ ឆ្លៀតក្នុងឱកាសអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញនេះ ឯកឧត្តមនាយបេសកកម្មក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ដែលបានអញ្ជើញទៅចូលរួមពិធីបើកជាផ្លូវការ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុនជាមួយនឹងការលើកទឹកចិត្តដោយផ្ទាល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីកម្ពុជា។

លោកក៏បានថ្លែងអំណរគុណដល់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហព័ន្ធកីឡាជាតិ អត្តពលិកគ្រប់ប្រភេទកីឡាទាំងអស់ ដែលបានប្រឹងប្រែង រៀបចំដំណើរការចូលរួម ដោយរលូនប្រកបដោយប្រសិទ្ធភាព និងដណ្តើមបានលទ្ធផល គាប់ប្រសើរជូនជាតិ តាមការគ្រោងទុក ប៉ុន្តែយើងនៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបន្តកិច្ចខិតខំប្រឹងប្រែង រយៈពេល៤ឆ្នាំទៀត សម្រាប់ព្រឹត្តិការណ៍ពហុកីឡាដ៏ធំរៀងរាល់៤ឆ្នាំម្តង ប្រចាំទ្វីបអាស៊ីមួយនេះ នាឆ្នាំ២០៣០ខាងមុខ នៅប្រទេសកាតា។ អ្វីដែលយើងខិតខំប្រឹងប្រែងទាំងអស់គ្នានេះ គឺមានប្រជាជន១៧លាននាក់គាំទ្រ ផ្តល់ថាមពលនៅពីក្រោយជំរុញ ឲ្យប្រតិភូកីឡាកម្ពុជាទទួលបានជោគជ័យ នាពេលនេះ និងបន្តការប្រឹងប្រែងអភិវឌ្ឍន៍វិស័យ កីឡាកម្ពុជាបន្ថែមទៀត៕
