កីឡា

លោក Xabi Alonso កោតសរសើរ Jordan Henderson ថាជា “កំពូលអ្នកប្រកួតប្រជែង” និងបញ្ជាក់ ពីមូលហេតុអវត្តមាន កីឡាករ Chelsea មួយចំនួន

​បរទេស៖ អ្នកចាត់ការទូទៅក្រុម Chelsea លោក Xabi Alonso បានកោតសរសើរខ្សែបម្រើ Jordan Henderson ថាជា “កំពូលអ្នកប្រកួតប្រជែង (Competitive Monster)” បន្ទាប់ពីផ្តល់ឱកាសឱ្យគេបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម ក្នុងការប្រកួតទល់នឹង Brentford។ ព្រមជាមួយគ្នានេះ លោកក៏បានពន្យល់ពីមូលហេតុដែល Reece James និង Joao Pedro ត្រូវអវត្តមានផងដែរ នេះបើយោងតាមការចេញផ្សាយពី SkysPorts ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

​
Henderson បានផ្លាស់មកកាន់ Chelsea ដោយគ្មានតម្លៃខ្លួន កាលពីរដូវក្តៅ ប៉ុន្តែការបង្ហាញខ្លួនរបស់កីឡាករវ័យ ៣៦ ឆ្នាំរូបនេះត្រូវបានពន្យារពេល ដោយសារបញ្ហាបាក់ដៃកំឡុងពេលជួយជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ FIFA World Cup។

​ក្រោយចំណាយពេល ៦ សប្តាហ៍យ៉ាងយកចិត្តទុកដាក់ក្នុងការស្តារកាយសម្បទានៅទីលានហ្វឹកហាត់ Cobham ពេលនេះគេបានត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញខ្លួនជាលើកដំបូង ហើយត្រូវតទល់នឹងអតីតក្រុមដែលខ្លួនធ្លាប់ចំណាយពេលលេងកាលពីរដូវកាលមុនតែម្តង។

​លោក Alonso បានលើកឡើងថា៖ “ក្របខ័ណ្ឌ Premier League គឺទាមទារការប្រកួតប្រជែង ហើយ Jordan គឺជាកំពូលអ្នកប្រកួតប្រជែងម្នាក់។ ខ្ញុំជឿជាក់ថា គាត់នឹងជួយក្រុមតាមរយៈគុណភាព ភាពឆ្លាតវៃក្នុងការលេង និងការប្រាស្រ័យទាក់ទងរបស់គាត់។ យើងពិតជាសប្បាយចិត្តដែលទទួលបានគាត់ត្រលប់មកវិញ”។

សម្រាប់ការប្រកួតនៅកីឡដ្ឋាន Gtech Community លោក Alonso មិនអាចប្រើប្រាស់កីឡាករមួយចំនួននោះទេ ដោយក្នុងនោះ Reece James និង Joao Pedro ត្រូវចូលរួមបញ្ជីអវត្តមានជាមួយ Marco Palestra, Moises Caicedo និង Emmanuel Emegha ដែលកំពុងសម្រាកព្យាបាលរបួស។

​ជុំវិញស្ថានភាពរបស់ Reece James លោកបានពន្យល់ថា៖ “Reece មានរបួសបន្តិចបន្តួចកាលពីការប្រកួតមុនទល់នឹងក្រុម Hull City ហើយពេលវេលានៃការស្តារកាយសម្បទារបស់គេនៅមានកម្រិតមិនទាន់គ្រប់គ្រាន់នៅឡើយ”។
​ចំណែកឯ Joao Pedro លោកបន្ថែមថា៖ “យើងបានព្យាយាមរៀបចំ Joao ឱ្យទាន់ការប្រកួតនេះដែរ ប៉ុន្តែយើងរំពឹងថានឹងប្រើប្រាស់ពេលសម្រាកអន្តរជាតិ (International Break) ដើម្បីឱ្យគេមានពេលគ្រប់គ្រាន់ក្នុងការត្រលប់មកវិញទាន់ការប្រកួតបន្ទាប់ជាមួយ Bournemouth”។
​
អវត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Joao Pedro បានផ្តល់ឱកាសឱ្យ Danny Welbeck បង្ហាញខ្លួនក្នុងជម្រើស ១១ នាក់ដំបូងជាលើកទីមួយក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុមតោខៀវ ដោយរូបគេត្រូវចាប់ដៃគូនៅតំបន់ប្រយុទ្ធរួមជាមួយ Cole Palmer និង Morgan Rogers។

​ឆ្លើយតបនឹងសំណួរថា តើ Welbeck នឹងផ្តល់អត្ថប្រយោជន៍អ្វីខ្លះក្នុងតំបន់ប្រយុទ្ធ លោក Alonso បានបញ្ជាក់ថា៖ “យើងចាំបាច់ត្រូវចេះបត់បែនទៅតាមគុណភាពរបស់កីឡាករ និងទាញយកប្រយោជន៍ពីអ្វីដែលពួកគេធ្វើបានល្អ។ យើងដឹងថា Danny គឺជាកីឡាករគោល និងមានសមត្ថភាពតភ្ជាប់ទម្រង់លេងបានយ៉ាងល្អ។ គាត់ឆ្លាតវៃ និងដឹងថាត្រូវលេងនៅទីតាំងណា ហើយប្រសិនបើតំបន់ប្រយុទ្ធទាំងបីនាក់របស់យើងដំណើរការស៊ីចង្វាក់គ្នា វានឹងផ្តល់ផលវិជ្ជមានកាន់តែខ្លាំងសម្រាប់ក្រុមទាំងមូល”៕

ប្រែសម្រួល៖ គីរី

Most Popular

To Top