កីឡា

Ronaldo ចោទគ្រូបង្វឹក Jorge Jesus ថាក្បត់ពាក្យសន្យា ព្រមទាំងសុំទោសមិត្តរួមក្រុមព័រទុយហ្គាល់ និងប្រជាជន ចំពោះការចាកចេញពីជំរំប្រមូលផ្តុំ

​បរទេស៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់ កាលពីថ្ងៃអង្គារថា លោកនៅតែត្រៀមខ្លួន ជានិច្ចក្នុងការបម្រើជម្រើសជាតិ ព័រទុយហ្គាល់ ប្រសិនបើមានការកោះហៅជាថ្មី ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើង តាមរយៈលិខិតបំភ្លឺកម្រាស់ ៥ ទំព័រដែលទទួលបានដោយបណ្តាញ ព័ត៌មាន ESPN និងក្រោយមកត្រូវបាន បង្ហោះលើបណ្តាញ សង្គមផ្ទាល់ខ្លួនរបស់គេ ដើម្បីបកស្រាយពីជម្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus។

​កីឡាករវ័យ ៤១ ឆ្នាំរូបនេះ បានដើរចេញពីជំរំប្រមូលផ្តុំជម្រើសជាតិ បន្ទាប់ពីត្រូវអង្គុយកៅអីបម្រុងពេញ ៩០ នាទី ក្នុងការប្រកួតដែលព័រទុយហ្គាល់យកឈ្នះន័រវែស ២-១ ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃទី ២៧ ខែកញ្ញា ដោយចោទប្រកាន់ថា លោក Jesus មិនបានគោរពពាក្យសន្យាជាមួយខ្លួន។ យ៉ាងណាក្តី ខ្សែប្រយុទ្ធក្លឹប Al Nassr រូបនេះបានសង្កត់ធ្ងន់ថា លោកមិនទាន់ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិនោះឡើយ។

Ronaldo ដែលជាម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទី ១៤៦ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣៤ ប្រកួតឱ្យជម្រើសជាតិ បានរៀបរាប់លម្អិតថា បញ្ហាមិនមែនស្ថិតនៅលើការមិនបានចូលលេងនោះទេ ប៉ុន្តែគឺដោយសារលោក Jesus បាន “ក្បត់ពាក្យសន្យា” ដល់ទៅពីរលើក លើកទីមួយ គ្រូបង្វឹកបានសួរគេមុនការប្រកួតថាតើអាចលេងបាន ៣០ នាទីដែរឬទេ (ទោះបីជាដំបូងឡើយបានព្រមព្រៀងគ្នារួចហើយថានឹងមិនឱ្យគេលេង ដើម្បីទុកពេលស្តារកាយសម្បទា និងត្រៀមប្រកួតនៅកីឡដ្ឋាន Dragão នៅថ្ងៃទី ៤ តុលាក៏ដោយ)។ Ronaldo បានយល់ព្រម និងកម្តៅសាច់ដុំតាំងពីតង់ទីមួយចប់ ប៉ុន្តែគ្រូបង្វឹកបែរជាមិនព្រមប្តូរគេចូលលេងទៅវិញ។

លើកទីពីរ៖ ក្រោយចប់ការប្រកួត ពួកគេបានព្រមព្រៀងគ្នាពីចំណុចដែលត្រូវបកស្រាយក្នុងសន្និសីទសារព័ត៌មាន ប៉ុន្តែលោក Jesus បែរជាបង្ហាញឥរិយាបថគំរោះគំរើយ និងខុសស្រឡះពីការព្រមព្រៀងគ្នាក្នុងបន្ទប់បិទទ្វារកាលពីថ្ងៃមុន។

​ចំពោះការឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ លោក Jorge Jesus បានប្រាប់ទូរទស្សន៍ព័រទុយហ្គាល់ CMTV យ៉ាងខ្លីថា លោកទើបតែធ្វើដំណើរមកពីទីក្រុង Leiria ហើយនឹងអានលិខិតនោះ ប៉ុន្តែគ្មានអ្វីបន្ថែមត្រូវបកស្រាយទៀតឡើយ។
​

ទន្ទឹមនឹងការចោទប្រកាន់ Ronaldo ក៏បានទទួលស្គាល់កំហុសផ្ទាល់ខ្លួន និងផ្ញើសារសុំទោសដល់មិត្តរួមក្រុមជម្រើសជាតិ ព្រមទាំងប្រជាជនព័រទុយហ្គាល់ទាំងមូលចំពោះការដើរចេញពីជំរំប្រមូលផ្តុំ ដោយលោកលើកឡើងថា ទោះបីជាមានការបាត់បង់ទំនុកចិត្តលើពាក្យសម្តីរបស់គ្រូបង្វឹកយ៉ាងណាក៏ដោយ ក៏លោកមិនគួរដើរចេញបែបនេះដែរ ហើយការទទួលខុសត្រូវទាំងស្រុងគឺស្ថិតនៅលើរូបលោកតែម្នាក់គត់។

ការសន្យាដែលត្រូវគេបំបាក់បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ផ្លូវចិត្តរបស់លោក ដោយលោកមានអារម្មណ៍ថាវត្តមានរបស់ខ្លួនអាចនឹងបង្កផលអវិជ្ជមានដល់ក្រុមទាំងមូល ទើបសម្រេចចិត្តរៀបចំវ៉ាលីសចាកចេញ។

លោកបានស្នើឱ្យសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ពិចារណាដាក់ទណ្ឌកម្មវិន័យលើទង្វើនេះដោយគ្មានការបន្ធូរបន្ថយ ដោយសារតែលោកមានតួនាទីជាប្រធានក្រុម ដែលត្រូវទទួលខុសត្រូវខ្ពស់ជាងកីឡាករដទៃ។

Ronaldo បានច្រានចោលការជជែកអំពីការប្រកួតលាគ្នា (Farewell match) នៅពេលនេះ ដោយបញ្ជាក់ថា ពេលដែលលោកគិតដល់ជម្រើសជាតិ គឺលោកគិតតែពីការប្រកួតប្រជែងដណ្តើមជ័យជម្នះប៉ុណ្ណោះ។ លោកបានរំឭកពីអតីតកាលថា សូម្បីតែនៅថ្ងៃ ដែលឪពុករបស់លោក ទទួលមរណភាព លោកក៏នៅតែស្នាក់នៅ ក្នុងជំរំជម្រើសជាតិ រហូតដល់ចប់ការប្រកួតនៅថ្ងៃបន្ទាប់ដែរ។

​
គួររំឭកផងដែរថា ក្រុមជម្រើសជាតិ ព័រទុយហ្គាល់បានឈ្នះទាំង ៤ ប្រកួតក្នុងពានរង្វាន់ Nations League នាពេលថ្មីៗនេះ។ ការប្រកួតបន្ទាប់របស់ពួកគេនឹងត្រូវប៉ះដាណឺម៉ាក និងវែលស៍ ក្នុងខែវិច្ឆិកា ដែលជាពេលវេលាដែលអាចបញ្ជាក់បានថាតើ Ronaldo នឹងត្រូវកោះហៅចូលក្រុមវិញឬយ៉ាងណា ខណៈដែលប្រធានសហព័ន្ធ FPF លោក Pedro Proença បានចាត់ទុកបញ្ហាកន្លងមកថា ជាការយល់ច្រឡំ ហើយលោក Jesus ក៏ធ្លាប់បានបញ្ជាក់ថា ទ្វារនៅតែបើក ចំហជានិច្ចសម្រាប់រូបគេ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top