បច្ចេកវិទ្យា

ក្រុមហ៊ុនឡានរថក្រោះ ចេញឡានប្រភេទកង់៦ថ្មី ឯតម្លៃវិញញាក់សាច់

ក្រុមហ៊ុនរថយន្តអាមេរិក Rezvani បានប្រកាសចេញរថយន្តកង់ ៦ ថ្មី គឺម៉ូដែល Hercules 6×6 និងដាក់រហស្សនាមឲ្យវាថា “God of all Trucks”។

រថយន្តដែលផលិតផ្អែកតាម Jeep Gladiator នេះ បានដើរតាមគន្លងរបស់រថយន្ត Rezvani Tank ប៉ុន្តែបំពាក់គ្រែដឹកប្រវែង ២,៤ម៉ែត្រ និងកង់ក្រោយ៤។

ភីកអាប់នេះក៏បានបំពាក់របាភ្លើង LED នៅលើដំបូល, កែកុនផ្នែកខាងក្រោយឲ្យមើលទៅប្លែក និង មានរបាដែកសម្រាប់តោងពណ៌ទង់ដែងនៅលើគ្រែដឹកខាងក្រោយផងដែរ។ បន្ថែមពីនេះ វាក៏មានបំពាក់សម្បកកង់ទំហំ ៣៧អ៊ីញ សម្រាប់បើកបរ Off-road និងប្រព័ន្ធបូម Fox ទៀតផង។

ស្របពេលដែលផ្នែកខាងក្រៅមើលទៅពិតជាអង់អាច កាប៊ីនខាងក្នុងរបស់វាមើលទៅស្រដៀងនឹងរថយន្ត Jeep ដោយមានបំពាក់អេក្រង់កម្សាន្តទំហំ ៩អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay បាន និង ពូកស្បែក Napa Leather ជាដើម។

បើកគម្របម៉ាស៊ីនមកអ្នកនឹងមើលឃើញនូវម៉ាស៊ីនចំណុះ ៣,៦លីត្រ Pentastar V6 មានកម្លាំង ២៨៥សេះ ប៉ុន្តែអ្នកក៏អាចជ្រើសយកម៉ាស៊ីនមួយជម្រើសទៀត គឺចំណុះ ៣,០លីត្រ EcoDiesel V6 ដែលមានកម្លាំង ២៦០សេះ។ នៅមិនទាន់អស់ឡើយ ព្រោះវាមានជម្រើសម៉ាស៊ីន ២ ទៀត គឺ ចំណុះ ៦,៤លីត្រ HEMI V6 មានកម្លាំង ៥០០សេះ និង ម៉ាស៊ីនចំណុះ ៧,០លីត្រ Supercharged V8 មានកម្លាំងដល់ទៅជាង ១ ៣០០សេះឯណោះ។

ចំពោះប្រអប់លេខវិញ វាមានទាំងជម្រើស លេខអូតូ ៨វគ្គ និង លេខដៃ ៦វគ្គ ហើយប្រើប្រព័ន្ធបើកបរ Six-Wheel-Drive មកស្តង់ដារ ដែលអ្នកបើកបរអាចជ្រើសរើសឲ្យរថយន្តវិលកង់២ (6×2) វិលកង់៤ (6×4) និង វិលកង់ទាំង៦ (6×6) បាន។

គួរឲ្យដឹងថា រថយន្ត Rezvani Hercules 6×6 នឹងមានតម្លៃចាប់ពី ២២៥ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយអាចឡើងដល់ ៣២៥ ០០០ដុល្លារ សម្រាប់ប្រភេទ Military Edition និងឡើងកប់បំផុតដល់ ៤៧៤ ០០០ដុល្លារឯណោះ៕

ប្រភព៖sabay

Most Popular

To Top