បច្ចេកវិទ្យា

iPhone នឹងកាន់តែថ្លៃ តែមេ​ Apple ថា ឱ្យតែមាន​ប្រយោជន៍ គេហ៊ានជះលុយ ទិញមិនខ្វល់

ក្រុមហ៊ុន Apple ទំនង​ជាបញ្ចេញ​ iPhone ស៊េរីថ្មី ​ដែលកាន់តែមានតម្លៃខ្ពស់​ជាងមុន គឺ iPhone Ultra បន្ថែម​ពីលើ​ iPhone Pro និង Pro Max។ កំពូលស្មាតហ្វូននេះ នឹងបង្ហាញខ្លួន​ក្នុងអំឡុងឆ្នាំ​២០២៤ ជាមួយខ្សែស្រលាយ iPhone 16។ នេះបើយោងតាម​លោក Mark Gurman អ្នកតាមដាន និងវិភាគ​រាល់​សកម្មភាព​របស់ Apple ។

លោក Gurman បាន​កត់សម្គាល់​ឃើញថា iPhone Ultra នឹង​មិនមែន​ជាស្មាតហ្វូន​អេក្រង់បត់​នោះទេ ដោយគ្រាន់តែវាមានអេក្រង់ធំជាងមុន ពោលគឺ​ធំជាងម៉ូឌែល​ Pro Max ទៅទៀត និង​បំពាក់​កាមេរ៉ា​ កាន់តែប្រសើរជាងមុន ជាពិសេស​ គឺបំពាក់​ឈីបជំនាន់ក្រោយបំផុត ដែល​ធ្វើឱ្យការថាច់​លឿនជាងមុនផងដែរ។ ចំពោះស្មាតហ្វូន​បត់អេក្រង់ Apple មិន​ទាន់​អភិវឌ្ឍក្នុងពេលឆាប់ៗនេះឡើយ ដោយត្រូវចំណាយពេលច្រើនឆ្នាំទៀត។

យ៉ាងណាមិញ លោក Time Cook នាយកប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​អះអាងថា អតិថិជិន​ចង់ជះលុយទិញ​កាន់តែច្រើន ដើម្បីទទួលបាន​ផលិតផល​មួយ​ដែល​កាន់តែប្រសើរ និងមានប្រយោជន៍ជាងមុន ខណៈ iPhone បាន​ក្លាយ​ជា​ផ្នែកមួយ​នៃជីវភាព​រស់នៅ​របស់​មនុស្ស​នាពេលបច្ចុប្បន្នទៅហើយ។ តែយ៉ាងណា លោក​មិនបញ្ជាក់ទេថា iPhone ជំនាន់ក្រោយ​នឹងឡើងថ្លៃ ឬយ៉ាងណានោះទេ។

កាលពីខែកញ្ញាឆ្នាំ២០២២ លោក Gurman បាន​ទស្សន៍ទាយថា ម៉ូឌែល Ultra អាច​នឹង​ជំនួស​តំណែង​ Pro Max សម្រាប់​ iPhone 15 ដែលនឹងចេញ​ក្នុងឆ្នាំ​២០២៣នេះ ។ ជាមួយគ្នានេះដែរ iPhone 15 Pro និង Pro Max ត្រូវបាន​គេអះអាងថា នឹង​ដាក់រន្ធ​ USB-C និង​បំពាក់​លេនកាមេរ៉ា periscope ជាមួយ​នឹង​ optical zoom កាន់តែប្រសើរ៕

Most Popular

To Top