ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រៀម បញ្ជូនមន្រ្ដីបច្ចេកទេស អន្តរជាតិ ទាំង ០២រូប ទៅធ្វើអាជ្ញាកណ្តាល ចៅក្រនៃព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ាន ប៉ារ៉ា លើកទី១១ “The 11th ASEAN PARA Games” ប្រទេស ឥណ្ឌូនេស៊ីនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ។

មន្រ្ដីបច្ចេកទេសអន្តរជាតិទាំង២រូប ដែលត្រូវបានចាត់តាំង ដោយសហព័ន្ធកីឡា អាស៊ាន ប៉ារ៉ាហ្គេម ឲ្យចូលរួមដឹកនាំការ ប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី១១ នៅក្នុងទីក្រុង Solo ប្រទេស ឥណ្ឌូនេស៊ី គឺ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹក និងអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ ព្រមទំាងអគ្គលេខាធិការ សហព័ន្ធហែលទឹក អាស៊ីអាគេ្នយ៍ថែមទៀត ។

ចំណែកអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ មួយរូបទៀត គឺលោក នាង សូរិទ្ធិយ៉ា ដោយលោកទើបត្រឡប់ពីធ្វើអាជ្ញាកណ្តាល ចៅក្រកម្រិតអន្តរជាតិ នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។ មន្រ្ដីបច្ចេកទេសអន្តរជាតិ ទាំង២រូប នឹងធ្វើដំណើរចាកចេញ ពីព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ និងត្រឡប់មកវិញ នាថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២។


