ផ្សេងៗ

មក​ស្គាល់​បណ្ដា​ប្រទេស​ ដែល​ហាម​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល

ខណៈ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ កំពុង​តែ​ប្រារព្ធ​បុណ្យ​ណូអែល មាន​ប្រទេស​យ៉ាង​ហោច​ណាស់​ចំនួន ៣ ដែល​បាន​ចេញ​បម្រាម​ជា​ផ្លូវ​ការ​ មិន​ឲ្យ​មាន​ការ​ប្រារព្ធ​ឡើង​នូវ​បុណ្យ​នេះ។ ប្រទេស​ទាំង​នោះ​មាន​ដូច​ត​ទៅ៖

១.ប្រទេស​ប្រ៊ុយណេ៖ ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​​ បាន​ហាម​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ​នៅ​ឆ្នាំ ២០១៥។ ជន​ណា​ដែល​ហ៊ាន​ល្មើស​នឹង​បម្រាម​នេះ នឹង​ប្រឈម​នឹង​ការ​ផាក​ពិន័យ ក៏​ដូចជា​ការ​ជាប់​ពន្ធនាគារ។

២.ប្រទេស​តាហ្ស៊ីគីស្ថាន៖ ដូច​ប្រ៊ុយណេ​ដែរ កាល​ពី​ឆ្នាំ ២០១៥ ​ប្រទេស​អាស៊ី​កណ្ដាល​មួយ​នេះ បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល។ ការ​ឲ្យ​កាដូ​គ្នា ការ​លេង​កាំជ្រួច ការ​ហូប​អាហារ​ជុំ​គ្នា ការ​រៃ​អង្គាស ព្រម​ទាំង​ការ​តុបតែង​ដើម​ណូអែល ក្នុង​អំឡុង​ពេល​បុណ្យ​នេះ​ ត្រូវ​បាន​ហាម​ឃាត់។ បុណ្យ Halloween ក៏​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រារព្ធ​ដែរ​នៅ​ប្រទេស​មួយ​នេះ។

៣.ប្រទេស​សូម៉ាលី៖ ប្រទេស​អាហ្វ្រិក​មួយ​នេះ កាល​ពី​ឆ្នាំ ២០១៥ បាន​ចេញ​បម្រាម​ច្បាស់​ៗ​ថា នឹង​មិន​ឲ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ឡើយ ដោយ​យោង​ទៅ​លើ​ហេតុ​ផល​ពីរ។ ហេតុ​ផល​ទី​១ គឺ​ពលរដ្ឋ​សូម៉ាលី​ជា​ច្រើន​កាន់​សាសនា​ឥស្លាម ខណៈ​មូល​ហេតុ​ទី​២ គឺ​បញ្ហា​សន្តិសុខ។ ប្រទេស​មួយ​នេះ ខ្លាច​ការ​ប្រារព្ធ​បុណ្យ​នេះ ធ្វើ​ឲ្យ​ក្រុម​ភេរវករ​ឥស្លាម​ជ្រុល​និយម al-Shabaab ធ្វើ​ការ​វាយ​ប្រហារ។

ក្រៅ​ពី​ប្រទេស​ទាំង​បី ខាង​លើ ក៏​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ដូច​ជា អារ៉ាប៊ីសាអ៊ូឌីត និង​កូរ៉េ​ខាង​ជើង​ជា​ដើម ក៏​មាន​ការ​រឹត​បន្តឹង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ផង​ដែរ បើ​ទោះ​មិន​បាន​ចេញ​បម្រាម​ផ្លូវការ​ចំ​ៗ​ក៏​ដោយ៕

ប្រភព៖ sabay

Most Popular

To Top