ផ្សេងៗ

មកដឹង​ប្រវត្តិ ជំនឿ និងប្រភេទខ្លែង​ដែល​ប្រជាជនខ្មែរ​និយមបង្ហើរលេង

ខ្លែង គឺជា​វត្ថុ​លេង​ម្យ៉ាង​ដែល​អាច​ហោះ​បាន​ដោយសារ​កម្លាំង​ខ្យល់​ទាញ​យឹត​តាមរយៈ​ខ្សែ​ដែល​គេ​ចង់​ភ្ជាប់​នឹង​តួ​របស់​វា​។ ក្រៅ​ពី​ត្រូវបាន​ប្រើ​សម្រាប់​លេង​កម្សាន្ត វា​ក៏​ជា​សិល្បៈ​មួយ​ប្រភេទ​ក្នុង​វប្បធម៌​របស់​ជនជាតិ​ខ្មែរ។

ភាគច្រើន​គេ​តែង​បង្ហើរខ្លែង​លេង​កម្សាន្ត​ក្នុង​រដូវ​លំ​ហើយ ចាប់ផ្ដើម​រាប់​ពី​ថ្ងៃ​ពាក់កណ្ដាល​ខែ​កញ្ញា ដល់​ពាក់កណ្ដាល​ខែ​ធ្នូ ហើយ​ពេល​ខ្លះ​ខ្មែរ​យើង​លេង​បន្ត​រហូត​ដល់​រដូវ​បន្ទាប់​ទៀត​គឺ​សិសិរដូវ​។ ចង់ដឹងថា តើ​ខ្លែង​មាន​ប្រវត្តិ​យ៉ាងដូចម្ដេច​ ហើយ​ខ្មែរ​យើង​មាន​ជំនឿ​បែបណា​ដែរ​ទាក់ទង​នឹង​ខ្លែង​។

ខ្លែង​មាន​ប្រភព​កំណើត​ដំបូង​នៅ​ប្រទេស​ចិន តាំងពី​២៨០០​ឆ្នាំមុន គ​.​ស មកម្ល៉េះ​។ ការអះអាង​បែប​នេះ ដោយសារ​ប្រទស​ចិន​កាលពី​ជំនាន់​មុន​មាន​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ខ្លែង ដូចជា​កំណាត់​សូត្រ សម្រាប់​ធ្វើ​តួ ឬ​សាច់​ខ្លែង ខ្សែ​សូត្រ​ឆ្មារ​ដែល​ជាប់​មាំ​មិន​ងាយ​ដាច់​សម្រាប់​​ធ្វើ​ខ្សែ និង​ឫស្សី​សម្រាប់ធ្វើ​ឆ្អឹង​។ នៅ​សម័យ​នគរ​ភ្នំ​កាលពីដើម​ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៧ នៃ​គ​.​ស ជនជាតិ​ខ្មែរ​ក៏​ចេះ​បង្ហោះ​ខ្លែង​ដែរ ដោយ​យក​ខ្លែង​ចិន​ជា​តួយ៉ាង​។ គឺ​ក្នុង​អន្តរកាល​នោះ ប្រទេស​ឥណ្ឌា និង​ប្រទេស​អឺរ៉ុប​មួយចំនួន ក៏​បាន​ទទួល​ប្រពៃណី​ខ្លែង​នេះ​ពី​ចិន​ដែរ​។

ខ្លែង​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បង្ហើរ​មាន​ច្រើន​ប្រភេទ​ណាស់​ដូចជា ខ្លែង​ឯក ឬ​ខ្លែង​ព្នង ខ្លែង​ប្រ​ម៉ង់ ខ្លែង​ហៅ​ប៉ៅ និង​ខ្លែង​កណ្តូង ខ្លែង​កូន​មាន់ ខ្លែង​មេអំបៅ ខ្លែង​ផ្កាយ ខ្លែង​ខ្លោះ ខ្លែង​ផ្កា ជាដើម​។ រូបរាង​នៃ​ខ្លែង គេ​ធ្វើ​ទៅ​តាម​ការ​ចូល​ចិត្ត​រៀងៗ​ខ្លួន​ទៅ​តាម​ការច្នៃប្រឌិត​របស់គេ​។ ចំពោះ​ខ្លែង​ខ្មែរ​យើង មាន​ភាគច្រើន​តាំងពី​បុរាណកាល​មក គេ​ឃើញ​តែ​ខ្លែង​កណ្ដូង និង​ខ្លែងឯក ដែល​គេ​និយម​បង្ហើរ​លេង​នៅ​តាម​ភូមិ​ស្រុក ទូ​ទាំង​ជនបទ​ដែល​រស់នៅ​។

ការ​បង្ហើរខ្លែង គឺជា​ទំនៀមទម្លាប់​ប្រពៃណី​របស់​សង្គម​ខ្មែរ​យើង​តាំងពី​បុរាណ​មកម្ល៉េះ ។ សព្វថ្ងៃនេះ នៅតែ​បន្ត​ធ្វើ​តាម​ដំណែល​នៃ​ដូនតា​យើង ដែល​បញ្ជាក់​អំពី​ក្រឹត្យក្រម​មួយ​ដែល​ថា ជីវិត​តែង​ផ្សារភ្ជាប់​ទៅ​នឹង​ធម្មជាតិ ។ ដើម្បី​គោរព​នឹក​គុណ​ដល់​ធាតុ​ទាំង​បួន ដែល​ទ្រទ្រង់​នូវ​លោក គឺ​ធាតុដី ធាតុ​ទឹក ធាតុ​ភ្លើង ធាតុ​ខ្យល់ ដែល​ផ្តល់​នូវ​ជីវិត នូវ​ធម្មជាតិ ផ្សេងៗ​សម្រាប់​កំដរ​ជីវិត យើង​ក៏​នាំគ្នា​ធ្វើ​ពិធី​នេះ​ឡើង នៅពេល​ដែល​ខ្មែរ​បាន​រីករាយ​ក្នុង​អារម្មណ៍ ដោយ​បាន​ទទួល​ផល​ពី​របរ​កសិកម្ម​៕

ប្រភព៖ sabay

Most Popular

To Top