ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ (2024 1st CMAS South East Asian Finswimming Championships Indoor) ចាប់ពីថ្ងៃទី១ ដល់ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹក នៃពុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ខាងមុខនេះ ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានតាមប្រព័ន្ធអនឡាញឲ្យដឹងថា បន្ទាប់ពីទទួល បានគោល ការណ៍អនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា សហព័ន្ធខ្មែរកីឡា ហែលទឹកនឹង ទទួលរៀបចំកម្មវិធីការ ប្រកួតកីឡាហែលទឹក ពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ ឆ្នាំ២០២៤ ដែលមានរយៈពេល ៤ ចាប់ពីថ្ងៃទី១ ដល់ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ចំណែកសហព័ន្ធក៏បានត្រៀមគ្រូបង្វឹក គ្រូជំនួយ និង់ក្រុមកីឡាករ-កីឡាការិនីកីឡាហែលទឹកពាក់ជើងទាចំនួន១៤ នាក់ ក្នុងនោះគ្រូបង្វឹក ១ គ្រូជំនួយ ២ កីឡាករ ៦ នាក់ និងកីឡាការិនី ៥ នាក់ ដើម្បីដណ្តើមមេដាយជូនប្រទេសជាតិ ។

លោកបានបន្តថា គិតមកដល់ថ្ងៃនេះមានប្រទេសចំនួន ៦ និងកម្ពុជា យើងបាន ៧ ប្រទេសចុះឈ្មោះចូលរួមជាផ្លូវការហើយ រួមមានប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសិង្ហបុរី ប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះការប្រកួត។ គណៈកម្មការនៅរងចាំ ប្រទេសមួយចំនួនត្រូវចុះឈ្មោះចូលរួម៕
