ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា សហការ FASMEC រៀបចំ វេទិកាសារព័ត៌មាន ក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីលើកស្ទួយ ផលិតផលិតផលក្នុងស្រុក

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយមានការគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក នឹងរៀបចំ វេទិកាសារព័ត៌មានក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើក ឡើងជាថ្មីម្តងទៀត ពីការជំរុញការផលិតផលិតផលក្នុងស្រុក និងការលើកទឹកចិត្ត ប្រើប្រាស់ផលិតផលក្នុងស្រុក ក្នុងបរិបទ នៃចលនាពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ រួមទាំងបញ្ហាប្រឈមលើ ម័យសេដ្ឋកិច្ចពិភពលោក។

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះ ក្នុងឱកាសវេទិកាសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឧកញ៉ា តែ តាំប៉ ប្រធានក្រុមព្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ និង FASMEC និងលោកស្រី ថុង សុវណ្ណ រង្សីយ៍ អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅការិយាល័យកណ្តាលសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ( FASMEC) អញ្ជើញចូលរួមវេទិកាសារព័ត៌មាន រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ និងអ្នកសារព័ត៌មានជាច្រើនផងដែរនៅទីស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ។

ឧកញ៉ា តែ តាំប៉ ប្រធានក្រុមព្រឹក្សាភិបាល សមាគមមូលនិធិសម្ដេចតេជោ បានមានប្រសាសន៍ថា វេទិកាសារព័ត៌មានក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីត្រៀមរៀបចំ ការតាំងពិព័រណ៍ផលិតផលខ្មែរបានផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ជួយដល់អ្នកផលិត មានឱកាសបានចូល លក់ និងផ្សព្វផ្សាយ ផ្តល់ឱកាសដល់អ្នកចែកចាយ លក់ដុំ លក់រាយ និងអ្នកផលិតបានជួប ដើម្បីទំនាក់ទំនងគ្នា បង្ហាញសក្កដានុពលផលិតផលជាតិជូនដល់មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។

សកម្មភាពទាំងនេះគឺជាការល្អប្រសើរ និងជាការរួមចំណែកដ៏មានតម្លៃពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយជំរុញ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SME) ក៏ដូច ជារួមគ្នា ដាស់ស្មារតីគាំទ្រផលិតផលជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ផលិតផលដែលកំពុងមានសន្ទុះលេចធ្លោ និងឆ្លើយតបយ៉ាងល្អ ទៅនឹងតម្រូវការទីផ្សាររួមមាន ផលិតផលកសិឧស្សាហកម្ម ស្បៀងអាហារ និង ភេសជ្ជៈកែច្នៃក្នុងស្រុក ព្រម ទាំងផលិតផលប្រចាំថ្ងៃមួយចំនួនទៀត ដែលបំពេញតាមស្តង់ដារគុណភាព។

លោកប្រធានក្រុមព្រឹក្សាភិបាល បានបន្ថែមថា សហគ្រាសរឹងមាំ គឺសហគ្រាសដែលមានការងាកមកប្រើប្រាស់បច្ចេកវិទ្យា មានការរៀបចំគ្រប់គ្រង បែបទំនើប និងយកចិត្តទុកដាក់ខ្ពស់លើគុណភាព អនាម័យ និងការ វេចខ្ចប់ ។ ឧបសគ្គ និងបញ្ហាប្រឈម៖ រួមមានកង្វះខាតដើមទុនបង្វិល ថ្លៃដើមផលិតខ្ពស់ បញ្ជាបច្ចេកទេសផលិត និងការប្រកួតប្រជែងជាមួយទំនិញនាំចូល។

ស្ថានភាពបច្ចុប្បន្នមានការលំបាកពិតមែន ប៉ុន្តែវាគឺជាឱកាសសម្រាប់អ្នកផលិតក្នុងស្រុក (លាភក្នុងគ្រោះ) ទោះបីជាជួបប្រទះការលំបាកពីបញ្ហាសកល និងការឡើងថ្លៃនៃតម្លៃថាមពល ឬវត្ថុធាតុដើមយ៉ាងណាក៏ដោយ អ្នកផលិតក្នុងស្រុកនៅតែអាចឈរជើង និងបន្តរីកចម្រើនបាន ប្រសិនបើពួកគេចេះបត់បែន កាត់បន្ថយចំណាយចន្លោះប្រហោង និងបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែពួកគេក៏ត្រូវការការគាំទ្រ ផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលផងដែរ ៕

Most Popular

To Top