កីឡា

អ្នកប្រាជ្ញអ៊ីរ៉ង់ថា ការធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នឹងត្រូវបរាជ័យ

តេអេរ៉ង់៖ អ្នកចូលរួម និងអ្នកគាំទ្រទាំងអស់ នៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង គឺជា “បេសកជនសន្តិភាព ដែលចង់បានសន្តិភាពពិភពលោក និងស្វែងរកជីវិតកាន់តែប្រសើរ ហើយការប៉ុនប៉ងធ្វើពហិការព្រឹត្តិការណ៍នេះ គឺនឹងត្រូវបរាជ័យ នេះបើតាមកិច្ចសម្ភាសន៍ជាមួយស៊ីនហួ ដោយអ្នកប្រាជ្ញអ៊ីរ៉ង់។

បាវចនានៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាការ “រួមគ្នាដើម្បីអនាគតរួមគ្នា” ។ លោក Farhad Javanbakht Kheirabadi អ្នកប្រាជ្ញចិន នៅសាកលវិទ្យាល័យ Shahid Beheshti ក្នុងប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា បាវចនានេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ពិភពលោក។

លោកបានលើកឡើងថា ប្រទេសចិន ប្តេជ្ញាធ្វើការជាមួយមនុស្សជុំវិញពិភពលោក ដើម្បីបង្កើតអនាគត កាន់តែប្រសើរឡើង ដោយលោកបានបន្ថែមថា អនាគតនេះមានលក្ខណៈពិសេស “ពិភពលោកគ្មានសង្គ្រាម ការភ័យខ្លាច ការផ្លាស់ទីលំនៅ និងជនភៀសខ្លួន និងពិភពលោកដែលពោរពេញដោយសន្តិភាព ការគោរពគ្នាទៅវិញទៅមក និងការចែករំលែក។

លោក Kheirabadi បានលើកឡើងថា ប្រទេសលោកខាងលិចមួយចំនួន ដែលមិនអាចសម្រេច បាននូវសំណើដ៏មានអត្ថប្រយោជន៍បែបនេះ ឥឡូវនេះព្យាយាម “បំភិតបំភ័យ និងរារាំងប្រទេសចិន” ពីការបង្ហាញពីចក្ខុវិស័យរបស់ខ្លួន ទៅកាន់ពិភពលោក ដោយគំរាមធ្វើពហិការ មិនចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។

ក្រឡេកទៅមើលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉េកាំងឆ្នាំ២០០៨ អ្នកប្រាជ្ញអ៊ីរ៉ង់ជឿថា ប្រទេសចិនបានបង្ហាញទម្រង់លេងរបស់ខ្លួនដោយជោគជ័យ តាមរយៈកីឡាអូឡាំពិក។

លោក Kheirabadi បានបន្ដថា កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉េកាំងឆ្នាំ២០០៨ បានបើកបង្អួចសម្រាប់ពិភពលោក ដើម្បី “សង្កេតមើលការអភិវឌ្ឍន៍របស់ប្រទេសចិន” ដែលត្រូវបានស្វាគមន៍ផងដែរ ដោយប្រទេសភាគច្រើន នៅជុំវិញពិភពលោក៕ ដោយ ឈូក បូរ៉ា

Most Popular

To Top