បរទេស៖ យោងតាមការចេញផ្សាយ របស់ RT.com នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាទីបំផុតរថក្រោះមួយគ្រឿង ដែលត្រូវបានគេប្រទះឃើញ អណ្តែតយ៉ាងចម្លែក នៅកណ្តាលសមុទ្រ Natuna ប្រទេសឥណ្ឌូនេស៊ី កាលពីមួយសប្តាហ៍មុននោះ ត្រូវបានក្រុមយោធា បានអូសទាញយកមកដល់ច្រាំងហើយ។
រថក្រោះដែលបានអណ្តែតក្បែរ ទៅនឹងដែនកោះសមុទ្រចិនខាងត្បូង និងក្បែរទៅនឹងកោះ Riau របស់ឥណ្ឌូនេស៊ី នេះត្រូវបានគេប្រទះឃើញ ដំបូងកាលពីសប្តាហ៍មុន ដោយក្រុមអ្នកធ្វើការ នៅក្រុមហ៊ុនបូមប្រេងមួយ និងបាននាំគ្នាថតរូប ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងបណ្តាញសង្គមរបស់ឥណ្ឌូនេស៊ី រហូតមកដល់ពេលនេះ។
ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះយោធារបស់ឥណ្ឌូនេស៊ី នៅតែមិនអាចកំណត់បាន អំពីមូលហេតុច្បាស់លាស់ ឬកំណត់បានទេថា វាគឺជារថក្រោះមានប្រភព ពីណានោះទេ ប៉ុន្តែមើលតាមភិនភាគរបស់វា មានរូបរាងដូចទៅនឹងរថក្រោះ របស់អាមេរិក M1 Abrams បន្តិច និងរថក្រោះរបស់ចិន 15 light tank បន្តិចផងដែរ៕ ប្រែសម្រួល៖ស៊ុនលី