ព័ត៌មានអន្តរជាតិ

កូនដ្រូន ប្រដាប់អាវុធ២គ្រឿង ត្រូវបានរារាំង ក្នុងខណៈហោះចូលទៅជិត មូលដ្ឋានទ័ពអ៊ីរ៉ាក់ មានកងទ័ពអាមេរិកប្រចាំការ

បរទេស៖ កូនដ្រូនពីរគ្រឿង តាមសេចក្តីរាយការណ៍ ត្រូវបានរារាំងដំណើរនៅថ្ងៃចន្ទនេះ ក្នុងខណៈកំពុងធ្វើការ ហោះហើរចូលទៅជិត មូលដ្ឋានទ័ពអ៊ីរ៉ាក់មួយកន្លែង ដែលមានកងកម្លាំងអាមេរិក ប្រចាំការនៅ ក្នុងថ្ងៃគម្រប់ខួបមួយឆ្នាំ នៃការសម្លាប់មេបញ្ជាការកំពូល របស់អ៊ីរ៉ង់មួយរូប ដោយអាមេរិក។

កាសែតរ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីសន្តិសុខអ៊ីរ៉ាក់នានា បានរាយការណ៍ថា មូលដ្ឋានទ័ពនោះ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងបាដាត ហើយអាកាសយានដ្ឋាននោះ គឺជាកន្លែងមួយ ដែលកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ការវាយប្រហារ ដោយកូនដ្រូនអាមេរិក បានសម្លាប់លោក Qassem Soleimani អតីតមេបញ្ជាការ នៃកងកម្លាំងពិសេសអ៊ីរ៉ង់។

ប៉ុន្តែនៅពេលភ្លាមៗនេះ មន្ទីរបញ្ចកោណ មិនបានធ្វើការឆ្លើយតប ចំពោះសារអ៊ីម៉ែលពីកាសែត Fox News អំពីរឿងនេះនោះទេ។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅលោក Soleimani ថាជាកំពូលភេរវករពិភពលោក ហើយទីក្រុងតេអេរ៉ង់ បានប្តេជ្ញានឹងឲ្យអ្នកដែលសម្លាប់លោក ធ្វើការទទួលខុសត្រូវ។

ចំណែកទីភ្នាក់ងារសារព័ត៌មាន The Jerusalem Post បាននិយាយនៅថ្ងៃចន្ទថា គេហទំព័រនិងគណនីធ្វីតធ័ររបស់ខ្លួន បានរងការវាយប្រហារ ពីពួកហ៊ែកឃើគាំទ្រអ៊ីរ៉ង់ ដែលបានបង្ហោះរូបភាពដ៏អាក្រក់ តំណាងឲ្យរោងចក្រនុយក្លេអ៊ែ Dimona របស់អ៊ីស្រាអែល កំពុងស្ថិតក្រោមការវាយប្រហារ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top