ព័ត៌មានអន្តរជាតិ

រ៉ុកកែត រុស្ស៊ីកំពុងតែធ្លាក់ចុះ មកផែនដីដោយបាត់បង់ ការគ្រប់គ្រង

បរទេស៖រ៉ុកកែតមួយរបស់ប្រទេសរុស្ស៊ី នៅថ្ងៃពុធសប្ដាហ៍នេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់វិលចូលមកក្នុងបរិយាកាសផែនដីវិញ នៅក្នុងដំណើរធ្លាក់ចុះដែលបាត់បង់ការគ្រប់គ្រង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

ផ្នែកភាគច្រើនរបស់រ៉ុកកែតនោះ ត្រូវបានគេរំពឹងថា នឹងឆេះអស់ ក្នុងខណៈដែលវាធ្លាក់បោះពួយយ៉ាងលឿនកាត់តាមបរិយាកាសផែនដី ព្រោះហេតុដូច្នោះហើយ ទំនងជានឹងមិនបង្កការខូចខាតធំដុំ នៅពេលវាធ្លាក់ដល់ផ្ទៃរបស់ផែនដីនោះទេ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យដឹងថា គ្រាប់រ៉ុកកែតប្រភេទផ្ទុកទម្ងន់ធ្ងន់ Angara-A5 នោះ គឺត្រូវបានគេបាញ់បង្ហោះកាលពីថ្ងៃទី២៧ ខែធ្នូ ដើម្បីធ្វើតេស្តសាកល្បងប្រព័ន្ធជំរុញសន្ទុះល្បឿន Persei។ ចំណែកលោក Holger Krag មកពីទីភ្នាក់ងារអវកាសអឺរ៉ុប បានប្រាប់ CNN ថា គ្មានអ្នកណាម្នាក់អាចនិយាយប្រាប់ពីទីកន្លែងដែលរ៉ុកកែតនោះធ្លាក់ចំនោះទេ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “វាសុវត្ថិភាពដើម្បីនិយាយថា ក្នុងរយៈពេល២៤ម៉ោងក្រោយ វានឹងធ្លាក់ចុះ ប៉ុន្តែគ្មានអ្នកណាអាចនិយាយប្រាប់ពីទីកន្លែងបាននោះទេ ព្រោះស្ថិតក្នុងរយៈពេលជាច្រើនម៉ោងនោះ វានឹងធ្វើការប្រែប្រួលជាច្រើននៅជុំវិញផែនដី”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top