ភ្នំពេញ ៖ កម្មវិធីសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ប្រកាសព្រឹត្តិការណ៍ ប្រកួតកីឡាអេឡិកត្រូនិកថ្មី មួយលើវិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែកុម្ភៈដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ។
លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡារអេឡិច ត្រូនិកកម្ពុជា បានចាត់ទុកថា ពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងការជួយជំរុញការ អភិវឌ្ឍគុណភាព សមត្ថភាពកីឡាករកាន់តែរីកចម្រើន បន្ថែមទៀត ពីព្រោះថា វិស័យកីឡាអេឡិចត្រូនិក មានបេសកម្មធំៗចំនួន២ គឺត្រៀមចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និងត្រៀម ឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ កីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការប្រកួតលើវិញ្ញាសា Mobile Legendពានរង្វាន់ T.Y Media E-Champion គឺវិញ្ញាសាមួយដ៏សំខាន់ ដូចវិញ្ញាសាផ្សេងៗទៀតដែរ ក្នុងការបង្កើតឱកាស ថ្មីមួយ ក្នុងការបង្កើនសមត្ថភាពកីឡាករ ត្រៀមចូលរួមប្រកួតធំៗ នាពេលខាងមុខ ។ តាមរយៈការប្រកួតនេះលោកសង្ឃឹមថា នឹងរកបាននូវលទ្ធផល ល្អប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀត ។
លោក ធី វ៉ាយ អគ្គនាយក ក្រុមហ៊ុនធីវ៉ាយមេឌា&អ៊ែតវើថាយស៊ីង (ឯ.ក) បានបង្ហាញនូវក្តីរីករាយ ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងល្អ រវាងសហព័ន្ធកីឡាអេឡិត្រូនិកកម្ពុជា ក្នុងការផ្តល់ទំនុកចិត្តដល់ក្រុមហ៊ុន របស់លោកដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍវិស័យកីឡាអេឡិច ត្រូនិកនៅកម្ពុជា ។ ការរៀបចំការប្រកួតនេះពិតជាមានសារសំខាន់ ក្នុងការបង្កើនធនធានកីឡាករ-កីឡាការិនី និងមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួត ឆ្ពោះទៅឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះការរៀបចំ កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ។
ការប្រកួតនេះមានប្រាក់រង្វាន់សរុប ១០០លានរៀល ក្នុងនោះចំណាត់ថ្នាក់លេខ១ ទឹកប្រាក់ ៥០ ០០០ ០០០រៀល, លេខ២ ទឹកប្រាក់ ២៥ ០០០ ០០០រៀល, លេខ៣ ទឹកប្រាក់ ១៥ ០០០ ០០០រៀល, លេខ៤ ទឹកប្រាក់ ៤ ០០០ ០០០រៀល ។ លើសពីនេះទៅទៀត ក៏មានប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់៤ក្រុមដែលមិនបានទៅវគ្គបន្ត ដោយក្នុង១ក្រុមទទួលបានប្រាក់រង្វាន់ចំនួន ១ ៥០០ ០០០រៀល ៕ដោយ៖លី ភីលីព