ភ្នំពេញ៖ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមកីឡាវាយសី ថ្នាក់ជាតិនៅទីលានសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប ដើម្បីត្រៀមរៀបចំការប្រកួត កីឡាវាយសីដណ្ដើមពានរង្វាន់៧មករា ។
លោក ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រាប់ឲ្យដឹងថា វគ្គនេះគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ដល់ថ្ងៃទី២៩មករាឆ្នាំ២០២២ខាងមុខនេះ ។ លោកនៅមិនទាន់ដឹងថា តើនឹងមានសិក្ខាកាមប៉ុន្មាននាក់ចូលរួមនោះឡើយ ព្រោះអ្វីៗត្រូវរង់ចាំមើលសិនតើសមាគម ឬ ក្លិប ណាខ្លះបញ្ជូនមន្ត្រីមន្រ្តីរបស់ខ្លួន មកចូលរួមវគ្គដ៏សំខាន់នេះ ។
តែបើផ្អែកទៅលើសេចក្ដីជូនដំណឹង របស់សហព័ន្ធនោះថាគ្រប់សម្ព័ន្ធ ក្លិបកីឡាវាយសីនៅទូទាំងប្រទេស អាចបញ្ជូនមន្ត្រីជនាញរបស់ខ្លួន ឬ ចៅក្រម អាជ្ញាកណ្ដាលរបស់ខ្លួនមកចូលរួម បានដោយមួយសម្ព័ន្ធ ឬ មួយក្លិបបញ្ជូនមកមួយរូប ។
នេះជាវគ្គអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិ ហើយវាគ្មិនសម្រាប់វគ្គនេះក៏ជាវាគ្មិនជនជាតិខ្មែរយើងដែរ ។ លោកអគ្គលេខាធិការបញ្ជាក់ថាគ្រូឧទ្ទេសជាជនជាតិខ្មែរមែន តែគេបានឆ្លងកាត់វគ្គសិក្សា ចំនួន២វគ្គពីសហព័ន្ធកីឡាវាយសីទ្វីបអាស៊ី ដែលក្នុងនោះមួយវគ្គគឺទៅរៀន ដោយផ្ទាល់ និង មួយវគ្គទៀតរៀនតាមអនឡាញ ។
វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ចៅក្រមថ្នាក់ជាតិនេះធ្វើឡើងដោយការចំណាយថវិកា របស់ក្រសួងអប់រំយុវជន និង កីឡាដែលជាថវិកាសម្រាប់បណ្ដុះបណ្ដាល ធនធានមនុស្សប្រចាំឆ្នាំ ៕