សិល្បៈ និង កម្សាន្ត

បុរសជនជាតិអេស្ប៉ាញ ដែលមានអាយុ១១២ឆ្នំា ត្រូវបានកំណត់ត្រាពិភពលោក​ ចាត់ទុកថា ជាមនុស្ស មានវ័យច្រើនជាងគេបំផុត លើពិភពលោក ទទួលមរណភាពហើយ

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា Santiago de la Fuente បុរសជនជាតិអេស្ប៉ាញអាយុ១១២ឆ្នាំ ដែលត្រូវបានទទួលស្គាល់ ដោយសៀវភៅកំណត់ត្រាហ្គីណេស ថាជាបុរសចំណាស់ជាងគេបំផុត របស់ពិភពលោកកាលពីខែកញ្ញាឆ្នាំមុន បានទទួលមរណភាពកាលពីថ្ងៃអង្គារ នៅឯផ្ទះគាត់នៅក្នុងទីក្រុង។ គ្រួសាររបស់គាត់បានបញ្ជាក់យ៉ាងដូច្នេះ ។

លោក Santiago កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩០៩ ហើយជិតដល់ថ្ងៃខួបកំណើត គម្រប់១១៣ឆ្នាំរបស់គាត់ ។ គាត់បានរួចផុត ពីជំងឺគ្រុនផ្តាសាយអេស្ប៉ាញ ដែលបានផ្ទុះឡើង ក្នុងឆ្នាំ១៩១៨ ហើយបានចាប់ផ្តើមធ្វើការ នៅក្នុងរោងចក្រស្បែកជើង នៅពេលគាត់មានអាយុ១៣ឆ្នាំ ។

គាត់មានកូនចំនួន៨នាក់ ចៅ១៤នាក់ និងចៅទួត២២នាក់ ហើយក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩ គាត់បានក្លាយជាបុរសដំបូងគេ ដែលត្រូវបានចាក់វ៉ាក់សាំងនៅក្រុង Leon ។

លោក Santiago ក៏បានបង្កើតក្លឹបបាល់ទាត់មួយ នៅក្នុងសង្កាត់របស់គាត់ក្នុងទីក្រុង Leon ឈ្មោះថា CD Puente Castro ដែលបច្ចុប្បន្នមានក្រុមក្មេងៗជាច្រើន ហើយក្លឹបបានចុះផ្សាយការរំលែកទុក្ខ របស់ពួកគេ នៅក្នុងសារដែលសរសេរថា “បុរសចំណាស់ជាងគេបំផុត នៅលើពិភពលោក មកពីសង្កាត់របស់យើង ហើយជាអ្នកដែលយើងនឹងចងចាំជានិច្ច ។ ដោយក្តីស្រឡាញ់របស់យើងទាំងអស់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top