ដោះមួយគូរបស់មនុស្សស្រី មានភារៈចំបង គឺផ្តល់ទឹកដោះ សម្រាប់កូនៗ ប៉ុន្តែ មនុស្សស្រីគ្រប់រូប មិនមែនសុទ្ធតែមានទឹកដោះគ្រប់គ្រាន់ ដើម្បីឲ្យកូនបៅនោះទេ ហើយវាក៏អាស្រ័យទៅលើ សុខភាពរបស់ស្រ្តីជាម្តាយដែរ។
ទោះបីជាយ៉ាងណា ស្រ្តីដែលប្រឈមនឹង ការមានទឹកដោះតិច មានដូចជា ៖
• មិនសូវយល់ដឹង អំពីបច្ចេកទេស និងគុណប្រយោជន៍ នៃការបំបៅដោះកូន
• ម្តាយដែលបង្កើតកូន មុនថ្ងៃកំណត់
• ម្តាយដែលមានទុក្ខកង្វល់ ឬស្រ្តេស
• ម្តាយដែលមានផ្ទៃពោះ ដោយវិធីជំនួយផ្នែកវេជ្ជសាស្រ្ត (ស្រ្តីដែលពិបាកមានផ្ទៃពោះ)
• ម្តាយមានអាយុតិច។
វិធីដោះស្រាយ
• បំបៅកូនឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ៖ ការរង់ចាំយូរពេក អាចនឹងធ្វើឲ្យ ការផលិតទឹកដោះ កាន់តែតិច។
• បំបៅបោះកូនឲ្យបានញឹកញាប់ ៖ ពីរបីសប្តាហ៍ដំបូង អ្នកគួរតែបំបៅកូន ឲ្យបាន ១២ ដងឬ រៀងរាល់ពីរបីម៉ោងម្តង ពីព្រោះ ការបំបៅដោះកូនតិច អាចធ្វើឲ្យទឹកដោះ បញ្ចេញមកតិចដែរ។
• ពិនិត្យមើល ការបំបៅរបស់អ្នក ពីព្រោះ ការដាក់ទារកខុសទំនង ធ្វើឲ្យគេមិនសូវបៅ ហើយទឹកដោះ ក៏មិនសូវចេញតាមហ្នឹងដែរ។
• ដឹងអំពីបញ្ហា នៃការបំបៅដោះកូន ៖ ទារកត្រូវបៅដោះទាំងសងខាង ដូច្នេះ បើមានបញ្ហា ឬអ្វីខុសធម្មតា អ្នកត្រូវរហ័សដោះស្រាយ និងសាកសួរគ្រូពេទ្យរបស់អ្នក។
• កុំរំលងការបំបៅដោះកូន ៖ បើសិនអ្នកខកខាន បំបៅដោះកូន ដោយសារជាប់រវល់ ឬនៅឆ្ងាយ អ្នកត្រូវច្របាច់ទឹកដោះចោល តាមពេលវេលា ដែលកូនអ្នកបៅ ដើម្បីរំញោច ដល់ការផលិតទឹកដោះ។
• ប្រើថ្នាំដោយប្រុងប្រយ័ត្ន ៖ ពីព្រោះ ថ្នាំមួយចំនួន អាចកាត់បន្ថយការផលិតទឹកដោះ ដូចជា Sudafed, Zyrtec D។ល។
• កុំផឹកស្រា ឬប្រើជាតិនីកូទីន ដែលវាសុទ្ធតែជា កត្តាគ្រោះថ្នាក់បំផុត៕