បរទេស៖ អង្គការសម្ពន្ធមិត្តយោធា ណាតូ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនកំពុងតែដាក់កងកម្លាំងឲ្យឈរប្រចាំការ និងពង្រឹងតំបន់អឺរ៉ុបភាគខាងកើតបន្ថែម ដោយការបន្ថែមនាវា និងយន្តហោះចម្បាំង ជាអ្វីដែលរុស្ស៊ី ធ្វើការថ្កោលទោសថា ជាការបង្កឲ្យមានភាពតានតឹងកើនឡើង ជុំវិញបញ្ហាប្រទេសអ៊ុយក្រែន។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ការពង្រឹងកម្លាំងនេះ បានបន្ថែមចំពោះសញ្ញាថា លោកខាងលិចកំពុងតែធ្វើការត្រៀមលក្ខណៈ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន ហើយជាការឆ្លើយតបវិញ វិមានក្រឹមឡាំង បានចោទប្រកាន់លោកខាងលិចថា មានការប្រចូកច្របល់ផ្លូវចិត្ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “អង្គការណាតូ នឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសម្ពន្ធមិត្តទាំងអស់ ដោយរួមទាំងតាមរយៈការពង្រឹង ផ្នែកភាគខាងកើត របស់សម្ពន្ធមិត្តផងដែរ”។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេសបាននិយាយថា ខ្លួនកំពុងតែដកបុគ្គលិក និងសមាជិកគ្រួសារពួកគេខ្លះៗ ពីស្ថានទូតខ្លួនប្រចាំ នៅក្នុងប្រទេសអ៊ុយក្រែន ជាការឆ្លើយតប ចំពោះការគម្រាមកំហែងកើនឡើងពីរុស្ស៊ី ក្រោយមួយថ្ងៃបន្ទាប់ ពីសហរដ្ឋអាមេរិក និយាយថា ខ្លួននឹងបញ្ជាឲ្យសមាជិកគ្រួសារ មន្ត្រីការទូតធ្វើដំណើរចាកចេញ៕ ប្រែសម្រួល៖ប៉ាង កុង