កីឡា

ករណីរត់ជាន់គ្នា នៅឯពហុកីឡដ្ឋាន ក្នុងប្រទេសកាមេរ៉ូន បណ្តាលឲ្យស្លាប់ តិចបំផុត៦នាក់ និងជាច្រើននាក់រងរបួស

YAOUNDE៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់ បន្ទាប់ពីមានករណីរត់ជាន់គ្នា នៅឯពហុកីឡដ្ឋាន ដែលរៀបចំព្រឹត្តិការណ៍ Africa Cup of Nations ហៅកាត់ (AFCON) នៅក្នុងប្រទេសកាមេរ៉ូន កាលពីយប់ថ្ងៃចន្ទ ។ លោក Naseri Paul Bea អភិបាល នៃតំបន់កណ្តាលបានថ្លែងដូច្នេះ ។

សោកនាដកម្មនេះ បានកើតឡើងនៅគ្រាដែល អ្នកគាំទ្របាល់ទាត់ ព្យាយាមចូលទៅក្នុងពហុកីឡដ្ឋាន ដែលជាកន្លែងការប្រកួតដ៏សំខាន់ រវាងក្រុម Cameroon និង Comoros កំពុងធ្វើការប្រកួតគ្នា ។

លោក Bea បានលើកឡើងថា “មនុស្សជាច្រើន” ផ្សេងទៀតបានរងរបួស ហើយបានប្រញាប់ប្រញាល់បញ្ជូន ទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី Yaounde ជាកន្លែងដែលហេដ្ឋារចនាសម្ព័ន្ធ កីឡាស្ថិតនៅ ។ អាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ថែមទៀត ។

លោក Emmanuel Njomo ដែលបានឃើញហេតុការណ៍ បានប្រាប់ស៊ិនហួ ថា មនុស្សជាង១.០០០នាក់ បានព្យាយាមប្រជ្រៀតផ្លូវរបស់ពួកគេ តាមច្រកចូលពហុកីឡដ្ឋាន ។

លោក Njomo បានឲ្យដឹងថា “មនុស្សគ្រប់គ្នាមានការអត់ធ្មត់ ហើយចង់ចូលទៅក្នុងពហុកីឡដ្ឋាន ដើម្បីមើលការប្រកួតដែលបានចាប់ផ្តើមរួចហើយ ។ ពួកគេបានរុញរបាំងសុវត្ថិភាព ហើយនោះជាកន្លែងដែលបញ្ហាបានចាប់ផ្តើម “ Njomo បាននិយាយថា កុមារ និងស្ត្រីមួយចំនួនបានស្លាប់ ឬរងរបួសក្នុងអំឡុងពេលរត់ជាន់គ្នានេះ ។

ពហុកីឡដ្ឋាននេះ មានកៅអីអង្គុយ ចំនួន៦០.០០០ ប៉ុន្តែអាចដំណើរការបានត្រឹមតែ៨០ភាគរយ នៃសមត្ថភាពរបស់ពហុកីឡដ្ឋានប៉ុណ្ណោះ ដោយសារការរឹតបន្តឹងលើជំងឺកូវីដ-១៩ ៕ ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top