ភ្នំពេញ៖ តារាចម្រៀង អ៊ីណូ កាលពីពេលថ្មីៗនេះ បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីលោកបានបង្ហាញថា កំពុងត្រៀមខ្លួនក្លាយជាឪពុកគេ ខណៈដែលគូដណ្ដឹងកំពុងមានផ្ទៃពោះ ។
ដូចដែលទស្សនិកជន បានជ្រាបស្រាប់មកហើយថា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ «កុលាបក្រហម» ខាងលើបានធ្វើពិធីភ្ជាប់ពាក្យ ជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ថៃ ម៉ានីតា ប៉ុន្តែកាលនោះតារាចម្រៀង សាន្តពេជ្រ សុភារិទ្ធិ ហៅ អ៊ីណូ មិនបានបញ្ជាក់ថា នឹងចូលរោងការនៅពេលណានោះទេ ។
យ៉ាងណាក៏ដោយ ស្រាប់តែកាលពីពេលថ្មីៗនេះ លោក អ៊ីណូ បានបង្ហាញថា គូដណ្ដឹងរបស់ខ្លួនកំពុងមានផ្ទៃពោះ ហើយគេទាំងពីរថែមទាំងបាន ដាក់ឈ្មោះឱ្យកូននោះរួចរាល់ទៀតផង ដោយឈ្មោះថា ភាពវីណូតា ថាដា ។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងជាមួយដំណឹងដែលថា គូដណ្ដឹងលោក អ៊ីណូ មានផ្ទៃពោះមុនរៀបការនេះដែរ ហាក់ដូចជាជារឿងធម្មតាទៅហើយ ព្រោះកន្លងមក ក៏មានអ្នកសិល្បៈមួយចំនួន សម្រាលកូនមុនរៀបការដែរ ជាក់ស្ដែងសូម្បីតែគូដណ្ដឹង របស់លោក ជុំ លីណូ ដែលជាមនុស្សជិតដិតបំផុត របស់លោក អ៊ីណូ ក៏មានផ្ទៃពោះមុនរៀបការដែរ ។ តែយ៉ាងណាក៏ដោយ ចំពោះរឿងនេះពុំត្រូវបានរងការរិះគន់ ពីសំណាក់ទស្សនិកជនឡើយ ហើយណាមួយពួកគេ ក៏នៅងតែរក្សាស្នេហា បានយ៉ាងល្អបំផុតផងដែរ ។
គួរឱ្យដឹងផងដែរថា ចាប់តាំងពីចូលសិល្បៈកាលពីកំលុងឆ្នាំ ២០១២ រហូតដល់មុនពេលភ្ជាប់ពាក្យនោះ តារាចម្រៀង អ៊ីណូ បានរក្សាបេះដូង រក្សា ឈ្មោះយ៉ាងស្អាតស្អំ ពុំដែលលេចឮដំណឹងថា មានស្នេហាជាមួយនារីរូបណាឡើយ ហើយនេះជាលើកទីមួយ ដែលធ្វើឱ្យអ្នកគាំទ្រ មានអារម្មណ៍រីករាយជំនួសលោក ក្រោយពីភាពជោគជ័យទៅលើមុខជំនួញ៕ ដោយ៖ ម៉ានី