ផ្សេងៗ

បិទវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរៀបចំ ការប្រកួតកីឡាទូកក្តោង ឆ្នាំ២០២១

ខេត្តព្រះសីហនុ៖ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសរៀបចំការប្រកួត កីឡាទូកក្តោងឆ្នាំ២០២១ ក្រោមអធិបតីភាព លោក នង ឌីណារ៉ា តំណាង អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លោក ទុយ ប៊ុនហឿង អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។

លោក សោម សុទ្ធរិទ្ធិពង្ស បាននិយាយថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ កាលពីខែធ្នូ ឆ្នាំ២០២១ ទទួលបានជោគជ័យជាទីមោទន សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានទទួលបទពិសោធន៍ល្អៗជាច្រើន និងចំនុចខ្វះខាតមួយចំនួន ដែលតម្រូវអោយមន្ត្រីបច្ចេកទេសរបស់សហព័ន្ធ ត្រូវសិក្សាស្វែងយល់បន្ថែម ក្រោមការជួយជ្រោមជ្រែងពីសំណាក់ មន្រ្តីបច្ចេកទេសអន្តរជាតិ ដែលមកពីប្រទេសសឹង្ហបុរី។

ផ្អែកតាមផែនការសកម្មភាព ការងារឆ្នាំ២០២១ ក្រោមគម្រោងថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស រៀបចំការប្រកួតកម្រិតមូលដ្ឋាន ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីអោយប្រភេទកីឡាទូកក្តោង របស់កម្ពុជា មានមន្រ្តីបច្ចេកទេស មានចំណេះជំនាញកំរិតខ្ពស់ សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងដើម្បីបង្ហាញដល់មហាជន បានឃើញ និងស្វែងយល់អំពី ប្រភេទកីឡាទូកក្តោងផងដែរ ។

មន្រ្តីបច្ចេកទេសរៀបចំការប្រកួត គឺជាក្រុមការងារដែលសំខាន់មួយ ដែលអាចធ្វើការប្រកួតមួយ ទទួលបានជោគជ័យ ហើយបើមន្រ្តីបច្ចេកទេសរៀបចំ ការប្រកួតរបស់កម្ពុជាយើងមានចំនេះជំនាញ កំរិតខ្ពស់ស្របតាមស្តង់ដា របស់សហព័ន្ធកីឡាទូកក្តោងអន្តរជាតិ នោះគ្រប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នឹងសុទ្ធសឹងតែទទួលបានជោតជ័យ និងគុណភាពនៃការប្រកួតក្នុងកម្រិតខ្ពស់។

ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំ ការប្រកួតកីឡាទូកក្តោងរយៈពេល ៤ថ្ងៃកន្លងមកនេះ សិក្ខាកាមទាំង ២៥រូបទទួលបាននូវចំណេះដឹងកំរិតខ្ពស់លើ ការរៀបចំទំរង់នៃការប្រកួត ការប្រើប្រាស់ទង់សញ្ញា សំលេងសំគាល់ និងច្បាប់បញ្ញតិ្តផ្សេងៗ និងបានអនុវត្តន៍ផ្ទាល់នៅលើផ្ទៃទឹក ។ សម្រាប់ការវាយតម្លៃវគ្គសិក្សា សិក្ខាកាមទាំង ២៥រូប ទទួលបាននិទេ្ទសល្អចំនួន ១៨រូបស្មើ៧២ភាគរយ និទ្ទេសល្អបង្គួរចំនួន៥រូប ស្មើ២០ភាគរយ និងនិទេ្ទសមធ្យម ចំនួន ២ រូបស្មើ៥ភាគរយ៕​ ដោយ៖លី ភីលីព

Most Popular

To Top